អដ្ឋកថាអញ្ញអនុសយោតិកថា

ក្បាលទី 72 · ទំព័រ 364

ឥឡូវនេះ នឹងពណ៌នាអំពីអនុស័យជាអញ្ញៈដូចតទៅក្នុង រឿងនោះ ជនពួកណា មានលទ្ធិ ដូចលទ្ធិរបស់និកាយអន្ធកៈទាំងឡាយ ថា ព្រោះបុថុជ្ជន កាលចិត្តជាកុសល ឬអព្យាកត កំពុងប្រព្រឹត្តទៅ គប្បីពោលបានថា បុគ្គលនោះ មានអនុស័យ តែមិនគប្បីពោលថា បុគ្គល នោះ ត្រូវកិលេសរួបរឹត ព្រោះហេតុនោះ អនុស័យម្យ៉ាង បរិយុដ្ឋានក៏ម្យ៉ាង ដូច្នេះ ពាក្យសួររបស់សកវាទីថា អញ្ញោ កាមរាគានុសយោ ជាដើម សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ពាក្យ ដ៏សេស គប្បីជ្រាបដោយន័យដែលពោលទុកហើយ ក្នុងរឿងអនុសយកថា ខាងដើមនោះឯង ។ ម្យ៉ាងទៀត បទថា សានុសយោ ជាដើម រមែងសម្តែងនូវ ភាពដែលពាក្យបុគ្គលគប្បីពោលថា បុថុជ្ជន ឈ្មោះថា ជាអ្នកមានអនុស័យ ព្រោះភាពដែលបុគ្គលនោះ មិនទាន់បានលះអនុស័យក្នុងសម័យនោះ តែ សម្តែងនូវភាពដែលពាក្យបុគ្គលមិនគប្បីពោលថា ជាបុគ្គលដែលបរិយុដ្ឋានកិលេសរួបរឹត ព្រោះកិលេសនោះ មិនទាន់បានកើតឡើង មិនមែនសម្តែង ដល់ភាពដែលអនុសយក្កិលេសម្យ៉ាង និងបរិយុដ្ឋានកិលេសម្យ៉ាង ព្រោះហេតុ នោះ ទើបពាក្យដែលលើកមកអាងនោះ មិនមែនជាគោលអាង ដូច្នេះ ។