អដ្ឋកថាបរិយាបន្ថកថា
ឥឡូវនេះ នឹងពណ៌នាអំពីធម៌ដែលទាក់ទងគ្នាដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយអន្ធកៈ និងនិកាយសមិតិយៈទាំងឡាយថា ព្រោះកាមរាគៈ ព្រះមានព្រះភាគត្រាស់ថា ដេកត្រាំក្នុងកាមធាតុ រាប់បញ្ចូលក្នុងកាមធាតុ ព្រោះហេតុនោះ សូម្បីរូបរាគៈ និងអរូបរាគៈ ក៏ឈ្មោះថា ដេកត្រាំក្នុងរូបធាតុ និងអរូបធាតុ រាប់បញ្ចូលក្នុង រូបធាតុ និងអរូបធាតុនោះឯង ដូច្នេះ ពាក្យសួររបស់សកវាទីថា រូបរាគោ ជាដើម សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ក្នុងបទទាំងនោះ បទថា អនុសេតិ អធិប្បាយថា សកវាទីសួរថា កាមរាគៈ រមែងដេកត្រាំដោយអំណាចនៃការកើតព្រមជាមួយកាមធាតុ ពោល គឺកាមវិតក្កយ៉ាងណា សូម្បីរូបរាគៈ ក៏ដេកត្រាំដោយអំណាចនៃការកើតព្រមជាមួយ រូបធាតុយ៉ាងនោះ តាមលទ្ធិរបស់អ្នកឬ ។ បទថា បរិយាបន្នោ អធិប្បាយ ថា សកវាទីសួរថា ដូចការរាប់បញ្ចូលនោះ ឈ្មោះថា រាប់បញ្ចូលក្នុង កាមធាតុ ព្រោះរាប់បញ្ចូលគ្នាដោយអំណាចកិលេសកាមរបស់កាមធាតុ ៣ យ៉ាង យ៉ាងណា សូម្បីរូបរាគៈ ក៏ជាសភាវៈដែលរាប់បញ្ចូលក្នុងរូបធាតុ ក៏ យ៉ាងនោះ តាមលទ្ធិរបស់អ្នកឬ ។ ចំណែកបរវាទី កាលមិនកំណត់បំណង របស់សកវាទីនោះ ទើបឆ្លើយទទួលថា អាមន្តា ដោយអំណាចនៃលទ្ធិត្រឹមតែ ម្យ៉ាងបុណ្ណោះ ។ លំដាប់នោះ សកវាទីក៏ពោលថា សមាបត្តេសិយោ ជាដើម ដើម្បីឲ្យបរវាទីនោះកំណត់សេចក្តីនោះ និងដើម្បីសួរប្រៀបធៀបជាមួយ ចិត្ត ដែលស្វែងរកសមាបត្តិ ពោល គឺកុសលវិបាកចិត្ត និងកិរិយាចិត្ត ជាដើម ។ ពាក្យដ៏សេសក្នុងទីនេះ គប្បីជ្រាបអត្ថតាមព្រះបាលីនោះឯង ។