អភិធម្មបិដក អញ្ញមញ្ញប្បច្ចយកថា

ក្បាលទី 72 · ទំព័រ 385

សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ ហើយ បុគ្គលមិនគួរពោលថា អវិជ្ជាកើតមាន ព្រោះសង្ខារជាបច្ច័យផងទេឬ ។ អើ ។ ក្រែងអវិជ្ជាកើតដោយសារសង្ខារឬ ។ អើ ។ ប្រសិនបើ អវិជ្ជាកើតដោយសារ សង្ខារ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ខារ ទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យផង អវិជ្ជាកើតមាន ព្រោះសង្ខារ ជាបច្ច័យផងដែរ ។ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ តែបុគ្គលមិនគួរ ពោលថា តណ្ហាកើតមាន ព្រោះឧបាទានជាបច្ច័យផងទេឬ ។ អើ ។ ក្រែង តណ្ហាកើតដោយសារឧបាទានឬ ។ អើ ។ ប្រសិនបើ តណ្ហាកើតដោយសារ ឧបាទាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យផង តណ្ហាកើតមាន ព្រោះឧបាទានជាបច្ច័យផង ដែរ ។ ម្នាលភិក្ខុទាំងឡាយ ជាតិកើតមាន ព្រោះជរា និងមរណៈ ជាបច្ច័យ ភពកើតមាន ព្រោះជាតិជាបច្ច័យ ពាក្យដូច្នេះ មានក្នុងព្រះសូត្រ ដែរឬ ។ មិនមានទេ ។ ព្រោះហេតុនោះ សង្ខារទាំងឡាយកើតមាន ព្រោះ អវិជ្ជាជាបច្ច័យហើយ បុគ្គលមិនគួរពោលថា អវិជ្ជាកើតមាន ព្រោះសង្ខារជាបច្ច័យ ទេ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ តែបុគ្គលមិនគួរពោលថា តណ្ហាកើតមាន ព្រោះឧបាទានជាបច្ច័យទេ ។ ម្នាលភិក្ខុទាំងឡាយ នាម និងរូបកើតមាន ព្រោះវិញ្ញាណ ជាបច្ច័យ វិញ្ញាណកើតមាន ព្រោះនាម និងរូបជាបច្ច័យ ពាក្យដូច្នេះ មាន ក្នុងព្រះសូត្រដែរឬ ។ អើ ។ ព្រោះហេតុនោះ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យផង អវិជ្ជាកើតមាន ព្រោះសង្ខារជាបច្ច័យផង ឧបាទាន កើតមាន ព្រោះតណ្ហាជាបច្ច័យផង តណ្ហាកើតមាន ព្រោះឧបាទានជាបច្ច័យ ផងដែរ ។