អដ្ឋកថាអញ្ញមញ្ញប្បច្ចយកថា

ក្បាលទី 72 · ទំព័រ 387

ឥឡូវនេះ នឹងពណ៌នាអំពីអញ្ញមញ្ញប្បច្ច័យដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ មហាសង្ឃិកៈទាំងឡាយថា សង្ខារទាំងឡាយកើត ព្រោះអវិជ្ជាជាបច្ច័យនេះ បុណ្ណោះជាបែបផែនក្នុងលទ្ធិ ពាក្យថា អវិជ្ជាកើតព្រោះសង្ខារជាបច្ច័យ ដូច្នេះ រមែងមិនមាន ព្រោះហេតុនោះ ទើបអវិជ្ជាបុណ្ណោះ ជាបច្ច័យដល់សង្ខារទាំងឡាយ តែសង្ខារទាំងឡាយ មិនជាបច្ច័យដល់អវិជ្ជាឡើយ ដូច្នេះ ពាក្យ សួររបស់សកវាទី សំដៅដល់ជនទាំងនោះ ដើម្បីសម្តែងសេចក្តីថា សូម្បី ភាពជាបច្ច័យដល់គ្នានិងគ្នារបស់បច្ច័យទាំងឡាយ មានអវិជ្ជា និងសង្ខារ ជាដើមមាន ដូច្នេះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ក្នុងបទ នេះថា អវិជ្ជា សង្ខារេន លោកកាន់យកអបុញ្ញាភិសង្ខារតែម្យ៉ាង ព្រោះហេតុ នោះ ក្នុងពាក្យនេះថា ព្រោះសង្ខារជាបច្ច័យ ក៏កើតអវិជ្ជាបាន បណ្ឌិត គប្បីជ្រាបភាពជាបច្ច័យ ដោយអំណាចសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ អត្ថិប្បច្ច័យ អវិគតប្បច្ច័យ និងសម្បយុត្តប្បច្ច័យ ។ ក្នុងបទនេះថា ឧបទានប្បច្ចយាបិ តណ្ហា បណ្ឌិតគប្បី ជ្រាបថា វៀរកាមុបាទានចេញហើយ ឧបាទាន ៣ ដ៏សេស រមែងជាបច្ច័យ ដល់តណ្ហាបាន ដូចសង្ខារទាំងឡាយ ជាបច្ច័យដល់អវិជ្ជា ។ ពាក្យដ៏សេស គប្បីជ្រាបតាមព្រះបាលីនោះឯង ។ ពាក្យសួរថា ជរាមរណប្បច្ចយា ជាដើម ជាពាក្យរបស់ បរវាទី ។ ពាក្យសួរថា នាមរូបំ វិញ្ញាណប្បច្ចយា ជាដើម ជាពាក្យ របស់សកវាទី ដូច្នេះឯង ។