អដ្ឋកថាអាសវកថា
ក្បាលទី 72 · ទំព័រ 396
ឥឡូវនេះ នឹងពណ៌នាអំពីអាសវៈដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ ហេតុវាទថា ព្រោះអាសវៈ ៤ គប្បីជាអារម្មណ៍របស់អាសវៈបាន ដោយ អាសវៈណា ឈ្មោះថា អាសវៈដទៃក្រៃលែងជាអាសវៈ ៤ មិនមាន ព្រោះ ហេតុនោះ ទើបអាសវៈ ៤ មិនជាអារម្មណ៍របស់អាសវៈ ដូច្នេះ ។ ពាក្យ សួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យ របស់បរវាទី ។ លំដាប់នោះ ទើបសកវាទីពោលពាក្យថា មគ្គោ ជាដើម ដើម្បីចោទសួរបរវាទីនោះថា បើអាសវៈទាំងនោះ មិនជាអារម្មណ៍របស់ អាសវៈសោត កាលបើយ៉ាងនេះ អាសវៈទាំងនោះ ក៏គប្បីសម្រេចលក្ខណៈ មានមគ្គជាដើម ។ ពាក្យដ៏សេសក្នុងទីនេះ មានអត្ថងាយយល់ហើយ ។