អដ្ឋកថាអធិគ្គយ្ញមនសិការកថា

ក្បាលទី 72 · ទំព័រ 435

ឥឡូវនេះ នឹងពណ៌នារឿងបុគ្គលត្រាស់ដឹងហើយ ទើប ធ្វើទុកក្នុងចិត្តដូចតទៅក្នុង រឿងនោះ មនសិការ មាន ២ យ៉ាង គឺ នយតោមនសិការ ១ អារម្មណតោមនសិការ ១ ។ ក្នុងមនសិការ ២ យ៉ាងនោះ បើបុគ្គលឃើញ សង្ខារឯណានីមួយ ដោយភាពជារបស់មិនទៀងហើយ បុគ្គលនោះ ជាអ្នក ឈ្មោះថា មនសិការក្នុងសង្ខារទាំងឡាយដ៏សេស ដោយន័យថា សង្ខារទាំងពួង មិនទៀងហ្ន៎ ដូច្នេះ ។ តែកាលមនសិការសង្ខារទាំងឡាយដែលជាអតីត បុគ្គលមិនអាចមនសិការសង្ខារទាំងឡាយដែលជាអនាគតបាន ។ កាលបុគ្គល មនសិការសង្ខារឯណានីមួយ ក្នុងសង្ខារដែលជាអតីតជាដើម បុគ្គលនោះ រមែងជាបុគ្គល ឈ្មោះថា មនសិការដោយអារម្មណ៍ ។ បណ្តាមនសិការទាំងនោះ បុគ្គលកាលមនសិការក្នុងបច្ចុប្បន្ន រមែងមនសិការសង្ខារទាំងឡាយ ដោយចិត្តណា បុគ្គលនោះ មិនអាចមនសិការចិត្តនោះ ក្នុងបច្ចុប្បន្នខណៈ បានឡើយ ។ ក្នុងរឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ បុព្វសេលិយៈ និងនិកាយបរសេលិយៈទាំងឡាយថា បុគ្គលឈ្មោះថា កាល មនសិការ រមែងមនសិការសង្ខារទាំងពួង ដោយការកាន់យកការត្រាស់ដឹង ដូច្នេះ ព្រោះអាស្រ័យបាលីថា សង្ខារទាំងឡាយ មិនទៀងហ្ន៎ ដូច្នេះជាដើម ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លេយទទួល ជា ពាក្យរបស់បរវាទី ។ លំដាប់នោះ សកវាទីដើម្បីចោទសួរបរវាទីនោះ ដោយ ភាពជាអ្នកមានចិត្តនោះ ព្រោះភាពដែលបុគ្គល រមែងមនសិការសង្ខារទាំងពួង នោះ ដោយមនសិការរួមគ្នាដោយចិត្តណា សូម្បីចិត្តនោះ ក៏គប្បីត្រូវ មនសិការ ទើបពោលពាក្យថា តេន ចិត្តេន ជាដើម ។