អដ្ឋកថារូបវិបាកោតិកថា

ក្បាលទី 72 · ទំព័រ 450

ឥឡូវនេះ នឹងពណ៌នារូបជាវិបាកដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ អន្ធកៈ និងនិកាយសមិតិយៈទាំងឡាយថា រូបណា ដែលកើតឡើងហើយ ព្រោះធ្វើនូវកម្ម ដូចចិត្ត និងចេតសិក ដែលកើតឡើងហើយ ព្រោះធ្វើកម្ម រូបនោះ ក៏ជាវិបាក ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ សកវាទីដើម្បីចោទ សួរបរវាទីនោះថា បើតាមលទ្ធិរបស់អ្នក រូប ជាវិបាកសោត រូបនោះ ក៏គប្បី ជាសភាវៈផ្សេងៗ បែបនេះ ទើបពោលពាក្យថា សុខវេទនីយំ ជាដើម ។ ពាក្យដ៏សេសក្នុងទីនេះ គប្បីជ្រាបតាមព្រះបាលីនោះឯង ។