អភិធម្មបិដក ន វត្តព្វំ សង្ឃោ ទក្ខិណំ បដិគ្គណ្ញាតីតិកថា

ក្បាលទី 72 · ទំព័រ 481

ន វត្តព្វំ សង្ឃោ ទក្ខិណំ បដិគ្គណ្ញាតីតិកថា បុគ្គលមិនគួរនិយាយថា សង្ឃទទួលទក្ខិណាទានបានទេឬ ។ អើ ។ ក្រែងសង្ឃជាអាហុនេយ្យបុគ្គល បាហុនេយ្យបុគ្គល ទក្ខិណេយ្យបុគ្គល អញ្ជលិករណីយបុគ្គល ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោកឬ ។ អើ ។ ប្រសិនបើ សង្ឃជាអាហុនេយ្យបុគ្គល បាហុនេយ្យបុគ្គល ទក្ខិណេយ្យបុគ្គល អញ្ជលិករណីយបុគ្គល ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោកមែន ម្នាលអ្នក ដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ឃទទួលទក្ខិណាទានបាន ។ បុគ្គលមិនគួរនិយាយថា សង្ឃទទួលទក្ខិណាទានបានទេឬ ។ អើ ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា បុរស ៤ គូ ឬបុរសបុគ្គល ៨ រូប ជាទក្ខិណេយ្យបុគ្គលឬ ។ អើ ។ ប្រសិនបើ ព្រះមានព្រះភាគទ្រង់ត្រាស់ ថា បុរស ៤ គូ ឬបុរសបុគ្គល ៨ រូប ជាទក្ខិណេយ្យបុគ្គលមែន ម្នាលអ្នក ដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ឃទទួលទក្ខិណាទានបាន ។ បុគ្គលមិនគួរនិយាយថា សង្ឃទទួលទក្ខិណាទានបានទេឬ ។ អើ ។ ក្រែងជនពួកខ្លះ ឲ្យទានដល់សង្ឃ មានដែរឬ ។ អើ ។ ប្រសិនបើ ជនពួកខ្លះ ឲ្យទានដល់សង្ឃ មានដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ឃទទួលទក្ខិណាទានបាន ។ ក្រែងជនពួកខ្លះ ឲ្យចីវរ ។ បេ ។ ឲ្យបិណ្ឌបាត ឲ្យសេនាសនៈ ឲ្យគិលានប្បច្ចយភេសជ្ជបរិក្ខារ ឲ្យខាទនីយៈ ឲ្យភោជនីយៈ ។ បេ ។ ឲ្យទឹកគួរផឹកដល់សង្ឃមានដែរឬ ។ អើ ។ ប្រសិនបើ ជនពួកខ្លះ ឲ្យទឹកគួរផឹកដល់សង្ឃ មានមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុ នោះ អ្នកគួរពោលថា សង្ឃគួរទទួលទក្ខិណាទានបាន ។