អភិធម្មបិដក ន វត្តព្វំ សង្ឃោ ភុញ្ជតីតិកថា
បុគ្គលមិនគួរនិយាយថា សង្ឃបរិភោគ ផឹក ទំពាស៊ី លិទ្ធ ភ្លក្សទេឬ ។ អើ ។ ក្រែងជនពួកខ្លះ ធ្វើសង្ឃភត្ត ធ្វើឧទ្ទេសភត្ត ធ្វើបបរ និងទឹក មានដែរឬ ។ អើ ។ ប្រសិនបើជនពួកខ្លះ ធ្វើសង្ឃភត្ត ធ្វើឧទ្ទេសភត្ត ធ្វើបបរ និងទឹក មានដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរ ពោលថា សង្ឃបរិភោគ ផឹក ទំពាស៊ី លិទ្ធភ្លក្សដែរ ។ បុគ្គលមិនគួរនិយាយថា សង្ឃបរិភោគ ផឹក ទំពាស៊ី លិទ្ធ ភ្លក្សទេឬ ។ អើ ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា គណៈភោជន បរម្បរភោជន អតិរិត្តភោជន អនតិរិត្តភោជនមែនឬ ។ អើ ។ ប្រសិនបើ ព្រះមានព្រះភាគទ្រង់ត្រាស់ថា គណៈភោជន បរម្បរភោជន អតិរិត្តភោជន អនតិរិត្តភោជនមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ឃបរិភោគ ផឹក ទំពាស៊ី លិទ្ធភ្លក្សដែរ ។ បុគ្គលមិនគួរនិយាយថា សង្ឃបរិភោគ ផឹក ទំពាស៊ី លិទ្ធ ភ្លក្សទេឬ ។ អើ ។ ក្រែងព្រះមានព្រះភាគត្រាស់ថា ទឹកបាន ៨ យ៉ាង គឺ ទឹកផ្លែស្វាយ ទឹកផ្លែព្រីង ទឹកផ្លែចេកមានគ្រាប់ ទឹកផ្លែចេកអត់គ្រាប់ ទឹកផ្លែ ស្រគំ ទឹកផ្លែច័ន ទឹកក្រអៅឈូក ទឹកផ្លែមាក់ប្រាងមែនឬ ។ អើ ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ទឹកបាន ៨ យ៉ាង គឺទឹកផ្លែស្វាយ ទឹកផ្លែ ព្រីង ទឹកផ្លែចេកមានគ្រាប់ ទឹកផ្លែចេកអត់គ្រាប់ ទឹកផ្លែស្រគំ ទឹកផ្លែច័ន ទឹកក្រអៅឈូក ទឹកផ្លែមាក់ប្រាងមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ឃបរិភោគ ផឹក ទំពាស៊ី លិទ្ធភ្លក្សដែរ ។