អដ្ឋកថានវត្តព្វំសង្ឃោភុញ្ជតីតិកថា
ឥឡូវនេះ នឹងពណ៌នាអំពីបុគ្គលមិនគួរនិយាយថា សង្ឃ បរិភោគដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយវេតុល្លកៈ នោះឯងថា មគ្គ និងផលបុណ្ណោះ ឈ្មោះថា ព្រះសង្ឃ មគ្គ និងផលនោះ នឹងបរិភោគអ្វីបាន ព្រោះហេតុនោះ ទើបមិនគួរពោលថា ព្រះសង្ឃឆាន់អាហារ ផឹក ទំពាស៊ី លិទ្ធ ភ្លក្ស ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ សកវាទី ដើម្បីចោទសួរបរវាទីនោះថា បើព្រះសង្ឃតាមលទ្ធិរបស់អ្នក មិនគប្បីឆាន់ អាហារសោត ការធ្វើសង្ឃភត្តជាដើម ក៏គប្បីជាវត្ថុមិនមានប្រយោជន៍ ទើប ពោលពាក្យថា ននុ អត្ថិ កេចិ សង្ឃភត្តានិ ករោន្តិ ជាដើម ។ បទថា គណភោជនំ ជាដើម សកវាទីពោលហើយ ដើម្បី ចោទសួរថា បើព្រះសង្ឃមិនគួរឆាន់អាហារសោត ការឆាន់អាហារជាពួក គណៈ គប្បីមានដល់អ្នកណា ។ បទថា អដ្ឋ បនានិ នេះ សកវាទីពោលដើម្បីចោទសួរថា បើព្រះសង្ឃមិនបានផឹកទឹកបាន ព្រះមានព្រះភាគ ទ្រង់អនុញ្ញាត្តទឹកបាន ៨ យ៉ាងនោះ ដើម្បីអ្នកណា ។ ពាក្យដ៏សេសក្នុងទីនេះ បណ្ឌិតគប្បីជ្រាបដោយ ន័យ ដែលពោលហើយខាងដើមនោះឯង ។ អដ ។