អដ្ឋកថាមនុស្សលោកកថា
ឥឡូវនេះ នឹងពណ៌នាអំពីមនុស្សលោកដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ វេតុល្លកៈទាំងឡាយក្នុងឥឡូវនេះឯងថា ព្រះមានព្រះភាគ ទ្រង់បដិសន្ធិក្នុង ស្ថានសួគ៌ជាន់តុសិត និងនៅក្នុងតុសិតទេវលោកនោះឯង មិនយាងមកកាន់ មនុស្សលោក តែទ្រង់សម្តែងត្រឹមតែរូបនិម្មិតក្នុងមនុស្សលោកនេះ ព្រោះមិន ពិចារណាឲ្យល្អ ហើយកាន់យកព្រះសូត្រ ( ក្នុងសំយុត្តនិកាយ ខន្ធវារវគ្គ ) ដែលពោលថា ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតដែលកើតក្នុងលោក ចម្រើនក្នុងលោក រមែងគ្របសង្កត់នូវលោក មិនជាប់ជំពាក់ដោយលោក ក៏ យ៉ាងនោះឯង ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ សកវាទី ដើម្បីនឹង ឲ្យបរវាទីនោះទទួលដោយឱកាសដែលត្រូវសួរផង ដោយការអះអាងដោយ ព្រះសូត្រផង ទើបពោលពាក្យថា ននុ អត្ថិ ជាដើម ។ បទថា លោកេ ជាតោ បរវាទីពោលសំដៅយកស្ថានសួគ៌ ជាន់តុសិត តែពាក្យនេះ ព្រះសាស្តាទ្រង់ត្រាស់សំដៅយកមនុស្សលោកនេះ បុណ្ណោះ ។ បទថា លោកំ អភិភុយ្យ បរវាទីពោលព្រោះការឃើញថា ទ្រង់ គ្របសង្កត់ហើយនូវមនុស្សលោក តែក្នុងពាក្យនេះ ព្រះសាស្តាទ្រង់គ្រប សង្កត់លោក គឺអារម្មណ៍គង់នៅ ។ បទថា អនុបលិត្តោ លោកេន បរវាទី ពោលសំដៅយកការមិនប្រឡាក់ដោយមនុស្សលោក ។ សេចក្តីពិត ព្រះសាស្តា ទ្រង់មិនប្រឡាក់ដោយកិលេសទាំងឡាយ ក្នុងលោកធម៌ទាំងឡាយ ព្រោះហេតុនោះ ទើបព្រះសូត្រនេះ មិនមែនជាគោលអាង ដូច្នេះ ។