អភិធម្មបិដក គន្ធជាតកថា
ក្បាលទី 72 · ទំព័រ 516
ឧច្ចារៈ និងបស្សាវៈរបស់ព្រះពុទ្ធមានព្រះភាគ គ្របសង្កត់ នូវពួកគន្ធជាតដទៃក្រៃពេកឬ ។ អើ ។ ព្រះមានព្រះភាគ សោយគ្រឿង ក្រអូបឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងព្រះមានព្រះភាគ សោយបាយ និងនំដែរឬ ។ អើ ។ ប្រសិនបើ ព្រះមានព្រះភាគសោយបាយ និងនំដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ឧច្ចារៈ និងបស្សាវៈ របស់ព្រះពុទ្ធមានព្រះភាគ គ្របសង្កត់នូវពួកគន្ធជាតដទៃក្រៃពេកទេ ។ ឧច្ចារៈ និងបស្សាវៈ របស់ព្រះពុទ្ធមានព្រះភាគ គ្របសង្កត់ នូវពួកគន្ធជាតដទៃក្រៃពេកឬ ។ អើ ។ ជនពួកខ្លះ ងូត លាប ដុសខាត់នូវ ឧច្ចារៈ និងបស្សាវៈ របស់ព្រះពុទ្ធមានព្រះភាគ ទុកក្នុងហិប ដាក់ក្នុងទូ តាំងផ្សាយលើរានផ្សារ ធ្វើនូវកិច្ចដែលខ្លួនត្រូវធ្វើដោយគ្រឿងក្រអូប ដោយ គ្រឿងក្រអូបនោះដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។