អដ្ឋកថាឈានន្តរិកកថា

ក្បាលទី 72 · ទំព័រ 532

ឥឡូវនេះ នឹងពណ៌នាអំពីធម៌ជាចន្លោះនៃឈានដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា ដែលមិនដឹងឱកាសនៃសមាធិ ដែល មិនមានវិតក្កៈ មានតែវិចារៈថា ក្នុងទិដ្ឋិបញ្ចកន័យ ព្រះមានព្រះភាគ ទ្រង់ចែក ឈាន ៥ យ៉ាង សមាធិទាំងអស់ ទ្រង់លើកឡើងសម្តែង ៣ យ៉ាង ទើប មានលទ្ធិ ដូចលទ្ធិរបស់និកាយសមិតិយៈ និងដូចលទ្ធិរបស់និកាយអន្ធកៈពួក ខ្លះថា ឈ្មោះថា ធម៌ជាចន្លោះនៃឈាននោះ មានក្នុងចន្លោះឈានទី ១ និង ឈានទី ២ ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យ ឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ សកវាទីក៏ពោលពាក្យថា អត្ថិ ផស្សន្តរិកា ជាដើម ដើម្បីសួរបរវាទីនោះថា ឈានក្តី ផស្សៈជាដើមក្តី ជាចេតសិកធម៌ ព្រោះហេតុនោះ បើឈ្មោះថា ធម៌ជាចន្លោះនៃឈានគប្បីមាន សោត សូម្បីធម៌ជាចន្លោះនៃផស្សៈជាដើម ក៏ត្រូវមាន តាមលទ្ធិរបស់អ្នក ដូច្នេះ ។ បទថា ទុតិយស្ស ច ឈានស្ស សកវាទីសួរថា បើធម៌ជាចន្លោះ ឈានគប្បីមានសោត ឈានទាំងឡាយ មានទុតិយជ្ឈាន និងតតិយជ្ឈាន ជាដើមនោះឯង មាន ឯធម៌ជាចន្លោះឈានទាំងនោះ ក៏គប្បីមានដែរ ។ បរវាទី ឆ្លើយបដិសេធផង ឆ្លើយទទួលផង ព្រោះការមិនមានត្រឹមតែម្យ៉ាងក្នុងលទ្ធិ ។ ត្រូវសួរថា បឋមស្ស ច បរវាទីឆ្លើយទទួល ដោយអំណាច នៃលទ្ធិ ។ បទថា សវិតក្កោ សវិចារោ ជាដើម សកវាទីសួរថា កាលសមាធិដែលចែកជាសមាធិទាំង ៣ មាន សមាធិដែលមិនមានវិតក្កៈ មាន ត្រឹមតែវិចារៈនោះឯង ជាធម៌ជាចន្លោះនៃឈាន សមាធិក្រៅអំពីនេះ មិនមែន ព្រោះហេតុនោះ អ្វីជាហេតុប្លែកគ្នាក្នុងទីនេះ ។