អដ្ឋកថាសមាបន្ថោ សទ្ទំ សុណាតីតិកថា

ក្បាលទី 72 · ទំព័រ 536

ឥឡូវនេះ នឹងពណ៌នាអំពីបុគ្គលចូលសមាបត្តិ ឮសំឡេង ដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយបុព្វសេលិយៈទាំងឡាយថា ព្រោះព្រះមានព្រះភាគត្រាស់សំឡេងថាជាបន្លា គឺជា សត្រូវចំពោះបឋមជ្ឈាន បើបុគ្គលចូលឈានមិនបានឮសំឡេងសោត សំឡេង នោះ គប្បីជាបន្លាបានដូចម្តេច ព្រោះហេតុនោះ បុគ្គលចូលឈាន បានឮ សំឡេង ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យ ឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ បទថា ចក្ខុនា រូបំ បស្សតិ ជាដើម សកវាទីសួរថា ដរាបណា បុគ្គលនៅចូលឈាននៅឡើយ អារម្មណ៍តាមបញ្ចទ្វារមិនមាន កាលអារម្មណ៍ តាមបញ្ចទ្វារនោះមិនមាន បើបុគ្គលនោះ បានឮសំឡេងសោត បុគ្គលនោះ ក៏គប្បីឃើញនូវរូបបាន ដូច្នេះ ។ បទថា សទ្ទោ កណ្ឌកោ ព្រះមានព្រះភាគត្រាស់ហើយ ព្រោះសំឡេងនោះ ធ្វើនូវការរាយមាយ ។ ពិតហើយ កាលបើសំឡេងដែល គ្រោតគ្រាត ប៉ះខ្ទប់សោតៈហើយ ការចេញចាកឈាន មានដោយហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ពាក្យនេះ ព្រោះហេតុនោះ ទើបព្រះសូត្រនេះ មិនមែនជាគោលអាងថា បុគ្គលចូលសមាបត្តិ ឮសំឡេងបាន ដូច្នេះ ។ បទថា ទុតិយស្ស ឈានស្ស ជាដើម សកវាទីពោលដើម្បីឲ្យដឹងថា សត្រូវដទៃៗ មិនមានខាងក្នុងនៃសមាបត្តិ យ៉ាងណា សូម្បីការឮនូវសំឡេង ជាដើម មិនមានក្នុងសមាបត្តិ ក៏យ៉ាងនោះ ។ ពាក្យទាំងពួង មានអត្ថងាយ យល់ហើយ ។