អដ្ឋកថាចក្ខុនា រូបំ បស្សតីតិកថា
ឥឡូវនេះ នឹងពណ៌នាអំពីបុគ្គលឃើញរូបដោយចក្ខុដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ មហាសង្ឃិកៈទាំងឡាយថា ចក្ខុបសាទបុណ្ណោះ ឃើញរូប ព្រោះអាស្រ័យ ព្រះពុទ្ធវចនៈថា ឃើញរូបដោយចក្ខុ ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅ ដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ ទើបសកវាទីពោលពាក្យថា រូបេន រូបំ បស្សតិ ជាដើម ដើម្បីសួរបរវាទីនោះ ថា បើបុគ្គលឃើញរូបដោយចក្ខុសោត បុគ្គលក៏គប្បីឃើញរូបដោយរូប ដូច្នេះ ។ បរវាទីឆ្លើយបដិសេធ សំដៅយករូបាយតនៈ ត្រូវសួរដដែលទៀត ក៏ឆ្លើយទទួល សំដៅយកចក្ខុនោះឯង ។ ក្នុងបទថា បដិវិជានាតិ នេះ មានអធិប្បាយថា ពួកយើងសួរថា ឃើញ ដោយសំដៅដល់ការដឹងចំពោះ មិនមែនសួរដល់ត្រឹមតែការចូលទៅអាស្រ័យ ចក្ខុឃើញ ព្រោះហេតុនោះ ចូរអ្នកពោលមកថា បុគ្គលមានចក្ខុ ឃើញរូប ដោយរូប តាមលទ្ធិរបស់អ្នកឬ បរវាទីឆ្លើយបដិសេធផង ឆ្លើយទទួលផង ដោយន័យមុននោះឯង ។ គ្រានោះ ទើបសកវាទីពោលថា រូបំ មនោវិញ្ញាណំ ដើម្បីសួរបរវាទីនោះថា កាលបើយ៉ាងនេះ រូបក៏ប្រាកដថាជាមនោវិញ្ញាណ ព្រោះថា មនោវិញ្ញាណនោះ ឈ្មោះថា ដឹង ដូច្នេះ ។ បរវាទី កាលមិនបាន លេសន័យ គឺគោលអាងបន្តិចបន្តួច ទើបឆ្លើយបដិសេធ ។ បទថា អត្ថិ ចក្ខុស្ស អាវដ្តនា ជាដើម សេចក្តីថា សកវាទីសួរថា បើចក្ខុឃើញ ព្រោះ អត្ថថា ដឹងសោត ការនឹកគិត គឺអាវជ្ជនៈរបស់ចក្ខុនោះ ក៏គប្បីជាអាវជ្ជនៈ របស់ចក្ខុវិញ្ញាណ ដូច្នេះ ។ បរវាទីឆ្លើយបដិសេធថា ន ហេវំ ព្រោះ ចក្ខាយតនៈ មិនទាក់ទងដោយការនឹក និងកើតឡើងបន្ទាប់អំពីការនឹកគិត ។