អដ្ឋកថាសុញ្ញតាកថា
ឥឡូវនេះ នឹងពណ៌នាអំពីសេចក្តីសូន្យដូចតទៅក្នុង រឿងនោះ បទថា សុញ្ញតា បានដល់ សុញ្ញតា ២ យ៉ាង គឺ អនត្តលក្ខណៈរបស់ខន្ធទាំងឡាយ ១ ព្រះនិព្វាន ១ ។ ក្នុងសុញ្ញតាទាំងនោះ អនត្តលក្ខណៈណាមួយ គប្បីជាធម៌ដែលរាប់បញ្ចូលដោយសង្ខារក្ខន្ធដោយ បរិយាយមួយ ព្រះនិព្វានជាអបរិយាបន្នដោយបរិយាយមួយ ។ ជនទាំងឡាយ ណា មិនកាន់យកការចែកនេះ ទើបមានលទ្ធិ ដូចលទ្ធិរបស់និកាយអន្ធកៈ ទាំងឡាយថា សុញ្ញតា ជាធម៌ទាក់ទងក្នុងសង្ខារ ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ បទថា អនិមិត្តំ បានដល់ ព្រះនិព្វានដែលវៀរចាកនិមិត្តទាំងពួង សូម្បី បទថា អប្បណិហិតោ ក៏ជាឈ្មោះរបស់ព្រះនិព្វាននោះឯង ។ សួរថា ព្រោះ ហេតុអ្វី ទើបលោកនាំព្រះនិព្វាននេះមកពោល ឆ្លើយថា ដើម្បីលើកទោស របស់លទ្ធិដែលមិនពោលចែកធម៌ ដ្បិតថា លទ្ធិរបស់បុគ្គលណាថា សុញ្ញតា ជាធម៌រាប់បញ្ចូលក្នុងសង្ខារក្ខន្ធដោយចំណែកមួយ ដូច្នេះ ព្រោះមិនចែកលទ្ធិ នៃជននោះ ក៏រមែងប្រាកដថា សូម្បីតែព្រះនិព្វាន ក៏ជាធម៌ដែលរាប់បញ្ចូល ដោយសង្ខារក្ខន្ធ ដូច្នេះ ដើម្បីនឹងលើកឡើងនូវទោសរបស់លទ្ធិនេះ ទើប សកវាទីនាំពាក្យថា អនិមិត្ត និងអប្បណិហិត មកពោល ។ បរវាទី កាល មិនកាន់យកថា ព្រះនិព្វាននោះ ជាធម៌រាប់បញ្ចូលដោយសង្ខារក្ខន្ធនោះ ទើប ឆ្លើយបដិសេធ ។ បទថា សង្ខារក្ខន្ធោ ន អនិច្ចោ ជាដើម សកវាទីសម្តែង ការខុស ដែលដល់នូវភាពជារបស់មិនទៀងនៃសុញ្ញតា គឺព្រះនិព្វាន ។