អដ្ឋកថាបត្តិកថា
ឥឡូវនេះ នឹងពណ៌នាអំពីការបានដូចតទៅក្នុង រឿងនោះ បុគ្គលបាននូវវត្ថុណាមួយ ការបាននូវវត្ថុនោះៗ ឈ្មោះថា បត្តិ ។ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយបុព្វសេលិយៈទាំងឡាយ នោះឯងថា ការបាននោះ ជាអសង្ខតៈ ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ពាក្យ ដ៏សេសក្នុងទីនេះ គប្បីជ្រាបតាមព្រះបាលី ព្រោះមានន័យដូចពោលមកហើយ ខាងដើមនោះឯង ។ បទថា ន វត្តព្វំ ជាដើម បរវាទីប្រកាសលទ្ធិ ដែលមាន បញ្ញត្តិថា បត្តិ ជាអសង្ខតៈ ។ ក្នុងបញ្ញានោះ សកវាទីបដិសេធថា មិនគប្បី ពោលយ៉ាងនោះ រមែងមិនទទួលនូវភាពដែលការបានជាសភាវធម៌ មានរូប ជាដើមត្រឹមតែម្យ៉ាង ។ ពិតហើយ ធម៌ទាំងឡាយណាមួយ ឈ្មោះថា បត្តិ មិនមាន ព្រះមានព្រះភាគ ទ្រង់ក៏មិនបានបញ្ញត្តិនូវភាពដែលការបាននោះ ជា អសង្ខតៈ តែបរវាទីបានឲ្យលទ្ធិរបស់ខ្លួនតាំងនៅថា បត្តិ នោះ ជាអសង្ខតៈ ដោយត្រឹមតែការបដិសេធសភាវធម៌ ដូចពោលនោះឯង ។ លទ្ធិនោះ រមែង តាំងនៅមិនបាន ព្រោះភាពជាលទ្ធិដែលតាំងនៅហើយ ដោយមិនពិចារណា ដូច្នេះឯង ។