អដ្ឋកថាញាណកថា

ក្បាលទី 72 · ទំព័រ 586

ឥឡូវនេះ នឹងពណ៌នាអំពីញាណដូចតទៅក្នុង រឿងនោះ ញាណ មាន ២ យ៉ាង គឺលោកិយញ្ញាណ ១ លោកុត្តរញ្ញាណ ១ ។ ញាណក្នុងសមាបត្តិក្តី កម្មស្សកតាញាណ ដែល ប្រព្រឹត្តទៅ ដោយអំណាចនៃការឲ្យទានជាដើមក្តី ជា លោកិយញ្ញាណ មគ្គញ្ញាណ ដែលកំណត់សច្ចៈក្តី ផលញ្ញាណក្តី ជា លោកុត្តរញ្ញាណ ។ ជនទាំងឡាយណា មិនធ្វើការចែកនេះ មានលទ្ធិ ដូចលទ្ធិរបស់និកាយ ហេតុវាទថា ញាណដែលកំណត់សច្ចៈបុណ្ណោះ ជាញាណ ញាណក្រៅអំពី នេះ មិនមែនជាញាណឡើយ ព្រោះហេតុនោះ ទើបញាណរបស់បុថុជ្ជន មិនមាន ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យ ឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ បទថា បញ្ញា ជាដើម សកវាទីសម្តែងវេវចនៈរបស់ញាណ អធិប្បាយ ថា សកវាទីសម្តែងនូវញាណនោះ ដោយបញ្ញានោះថា បើញាណរបស់ បុថុជ្ជននោះ មិនមាន បញ្ញាជាដើមក៏មិនមាន ឬបញ្ញាជាដើមមាន ញាណ ក៏មាន ព្រោះហេតុអ្វី ព្រោះភាពដែលបញ្ញាជាដើម មិនមែនជាធម៌ដទៃក្រៅ អំពីញាណឡើយ ។ បទថា បឋមំ ឈានំ ជាដើម សកវាទីសម្តែងញាណក្នុង សមាបត្តិ ។ បទថា ទានំ ទទេយ្យ ជាដើម សកវាទីសម្តែងដល់ កម្មស្សកតាញាណ ។ បទថា ទុក្ខំ បរិជានាតិ សម្តែងមគ្គញ្ញាណ ដែលជា លោកុត្តរប៉ុណ្ណោះ មិនបានសម្តែងលោកុត្តរញ្ញាណឡើយ ដូច្នេះ ។