អដ្ឋកថានិរយបាលកថា

ក្បាលទី 72 · ទំព័រ 591

ឥឡូវនេះ នឹងពណ៌នាអំពីពួកនិរយបាលដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយអន្ធកៈ ទាំងឡាយថា ក្នុងនរក កម្មរបស់សត្វនរកនោះឯង រមែងសម្លាប់សត្វនរក ទាំងឡាយ ដោយរូបភាពជានាយនិរយបាល សត្វទាំងឡាយ ឈ្មោះថា នាយ និរយបាល មិនមាន ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ ទើបសកវាទី ពោលពាក្យថា នត្ថិ និរយេសុ ជាដើម ដើម្បីសួរបរវាទីនោះថា បើនាយ និរយបាលទាំងឡាយ មិនគប្បីមានក្នុងនរកសោត សូម្បីកម្មករណៈទាំងឡាយ ក៏មិនគប្បីមាន តែកាលបុគ្គលដែលធ្វើកម្មករណៈទាំងឡាយមាន ការធ្វើកម្ម ករណៈ ក៏គប្បីមាន មិនមែនឬ ដូច្នេះ ។ បទថា អត្ថិ មនុស្សេសុ សកវាទីពោលហើយ ដើម្បីឲ្យ ជ្រាបដោយជាក់ច្បាស់ ។ ក្នុងសេចក្តីនេះ មានអធិប្បាយថា ឧបមាថា កាល ពួកមនុស្សដែល ( ត្រូវ ) ធ្វើកម្មករណៈមាន ការធ្វើកម្មករណៈក៏រមែងមានយ ៉ាងណា សូម្បីក្នុងនរកនោះ ក៏យ៉ាងនោះឯង ។ ពាក្យសួរថា អត្ថិ និរយេសុ ជាពាក្យរបស់បរវាទី ។ ពាក្យ ឆ្លើយទទួល ជាពាក្យរបស់សកវាទី ។ បរវាទីនាំព្រះសូត្រមក ដោយលទ្ធិ របស់ខ្លួនថា ន វេស្សភូ នោបិ ច បេត្តិរាជា ដូច្នេះ ។ សកវាទីរមែងទទួល ព្រះសូត្រនោះ ព្រោះគិតថា នុ៎ះជាពាក្យដែលឈមចុះក្នុងព្រះសាសនា ។ ក្នុងបទទាំងនោះ បទថា វេស្សភូ បានដល់ ទេវតាមួយអង្គ ។ បទថា បេត្តិរាជា បានដល់ ប្រេតអ្នកមានឫទ្ធិច្រើនក្នុងបិត្តិវិស័យ ។ ស្តេចសោម ជាដើម ប្រាកដជាក់ច្បាស់ហើយនោះឯង ។ សេចក្តីនេះ លោកអធិប្បាយថា ស្តេចវេស្សភូជាដើម រមែងមិនសម្លាប់សត្វដែលលះលោកនេះហើយ ទៅកាន់ លោកខាងមុខ តាមកម្មទាំងឡាយរបស់ខ្លួន ។