អដ្ឋកថាតិរច្ឆានកថា
ឥឡូវនេះ នឹងពណ៌នាអំពីពួកសត្វតិរច្ឆានដូចតទៅក្នុង រឿងនោះ ទេវបុត្តទាំងឡាយ ឈ្មោះថា ឯរាវ័ណជាដើម ក្នុងទេវតា ទាំងឡាយនោះ រមែងកាឡាខ្លួនជាដំរី ជាសេះ សត្វតិរច្ឆានទាំងឡាយ មិនមាន ក្នុងទីនោះ ជនទាំងឡាយណា មានលទ្ធិដូច លទ្ធិរបស់និកាយអន្ធកៈទាំងឡាយ ថា សត្វតិរច្ឆានទាំងឡាយ មានក្នុងពួកទេវតា ព្រោះឃើញទេវបុត្ត ទាំងឡាយ មានភេទជាសត្វតិរច្ឆាន ពាក្យសួររបស់សកវាទី សំដៅដល់ជន ទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ សកវាទី ក៏ពោលពាក្យថា អត្ថិ តិរច្ឆានគតេសុ ជាដើម ដើម្បីសួរបរវាទីនោះថា បើ សត្វតិរច្ឆានទាំងឡាយ គប្បីមានក្នុងទេវកំណើតបានសោត ទេវតាទាំងឡាយ គប្បីមានក្នុងកំណើតរបស់សត្វតិរច្ឆានបាន ដូច្នេះ ។ បទថា កីដា ជាដើម សកវាទីសម្តែងដល់សត្វទាំងឡាយ ដែល បរវាទីប្រាថ្នាថា មិនមាន ។ ក្នុងបញ្ញាថា ឯរាវណោ សកវាទីទទួល ព្រោះភាពដែល ដំរីឈ្មោះឯរាវ័ណ និងយានទិព្វនោះមាន មិនមែនសត្វតិរច្ឆានមានឡើយ ។ បទថា ហត្ថិពន្ធា ជាដើម សកវាទីពោលដើម្បីចោទសួរ ថា បើដំរីជាដើមគប្បីមានក្នុងទីនោះសោត សូម្បីពួកអ្នកចងដំរីជាដើម ក៏ គប្បីមានក្នុងទីនោះ ដូច្នេះ ។ ក្នុងបទទាំងនោះ បទថា យាវសិកា បានដល់ អ្នកឲ្យស្មៅដល់សត្វស៊ី ។ បទថា ការណិកា បានដល់ នាយហត្ថាចារ្យ ជាដើម ដែលឲ្យជនទាំងឡាយនោះ ធ្វើការបង្វឹក ( សត្វតិរច្ឆាន ) ដោយវិធី ផ្សេងៗ ។ បទថា ភត្តការកា បានដល់ អ្នកចម្ហិនអាហារឲ្យសត្វទាំងឡាយ មានដំរីជាដើម ។ បទថា ន ហេវំ សេចក្តីថា បរវាទី កាលមិនប្រាថ្នា បែបនោះ ទើបឆ្លើយបដិសេធ ដូច្នេះឯង ។