អដ្ឋកថាញាណកថា
ឥឡូវនេះ នឹងពណ៌នាអំពីញាណដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយបុព្វសេលិយៈ និងនិកាយអបរសេលិយៈទាំងឡាយថា ញាណដែលជាលោកុត្តរ មានវត្ថុ ១២ ដោយសំដៅយកញាណមានអាការ ១២ ក្នុងធម្មចក្កប្បវត្តនសូត្រ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ សកវាទីក៏ពោលពាក្យថា ទ្វាទស ដើម្បីសួរបរវាទីនោះថា បើលោកុត្តរញ្ញាណនោះ មានវត្ថុ ១២ សោត មគ្គញ្ញាណទាំងឡាយ ក៏គប្បីមាន ១២ ដូច្នេះ បរវាទីឆ្លើយបដិសេធ សំដៅ យកមគ្គមាន ១ តែឆ្លើយទទួល សំដៅយកការផ្សេងគ្នានៃញាណ ដោយ អំណាចនៃសច្ចញ្ញាណ កិច្ចញ្ញាណ និងកតញ្ញាណទាំងឡាយ ក្នុងសច្ចៈ នីមួយៗ ។ ក្នុងបទថា ទ្វាទស សោតាបត្តិមគ្គា ក៏ន័យនេះឯង ។ ព្រះសូត្រថា ននុ វុត្តំ ភគវតា ដូច្នេះ រមែងសម្តែងដល់ ការផ្សេងគ្នានៃញាណដែលជាចំណែកខាងដើម និងចំណែកខាងចុង តាម លទ្ធិ មិនមែនសម្តែងដល់ភាពដែលអរិយមគ្គជាញាណ ១២ យ៉ាង ព្រោះ ហេតុនោះ ទើបព្រះសូត្រនេះ មិនមែនជាគោលអាង ដូច្នេះ ។ អដ្ឋកថាញាណកថា ចប់ វគ្គទី ២០ ចប់ ចតុបណ្ណាសក ចប់