អដ្ឋកថាសាសនកថា

ក្បាលទី 72 · ទំព័រ 607

ឥឡូវនេះ នឹងពណ៌នាអំពីសាសនាដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ ឧត្តរាបថកៈពួកខ្លះថា សាសនាគេធ្វើជាថ្មី និងថា មានបុគ្គលពួកខ្លះ រមែង បន្លឺសាសនារបស់ព្រះតថាគតជាថ្មី និងថា បុគ្គលអាចធ្វើសាសនារបស់ព្រះតថាគត ជាថ្មីបាន ដោយសំដៅយកការសង្គាយនាទាំង ៣ ដង ដូច្នេះ ពាក្យ សួររបស់សកវាទីក្នុងកថាទាំង ៣ សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយ ទទួល ជាពាក្យរបស់បរវាទី ។ បទថា សតិប្បដ្ឋានា ជាដើម សកវាទីសួរ ក្នុងបញ្ញាទាំង ៣ ថា អរិយធម៌ទាំងឡាយ មានសតិប្បដ្ឋានជាដើម និងការ សម្តែងនូវកុសលធម៌ជាដើម ឈ្មោះថា សាសនា ។ ក្នុងសាសនានោះ ធម៌ ទាំងឡាយ មានសតិប្បដ្ឋានជាដើម ដែលព្រះមានព្រះភាគទ្រង់សម្តែងហើយ ដើម្បីផលទាំងឡាយណា វៀរផលទាំងឡាយនោះចេញ ទើបសាសនា ឈ្មោះ ថា ជាការធ្វើជាថ្មី ដោយការធ្វើធម៌ពួកដទៃឲ្យជាសតិប្បដ្ឋានជាដើម ឬធ្វើ អកុសលធម៌ជាដើម ឲ្យជាកុសលធម៌ជាដើម ។ សាសនានោះ ដែលបុគ្គល ណាមួយ ធ្វើហើយយ៉ាងនោះឬ បុគ្គលណាមួយ ដែលធ្វើយ៉ាងនោះបាន មាន ឬ អាចដើម្បីធ្វើយ៉ាងនោះបានឬ ដូច្នេះ ។ ពាក្យដ៏សេសក្នុងទីទាំងពួង គប្បី ជ្រាបតាមព្រះបាលីនោះឯង ។