អដ្ឋកថាកម្មកថា
ក្បាលទី 72 · ទំព័រ 629
ឥឡូវនេះ នឹងពណ៌នាអំពីកម្មដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយអន្ធកៈ និងលទ្ធិរបស់និកាយឧត្តរាបថកៈពួកខ្លះនោះឯងថា ព្រោះឋានៈនៃទិដ្ឋធម្មវេទនីយៈជាដើម ជានិយតៈ ដោយអត្ថថា ជាទិដ្ឋធម្មវេទនីយៈជាដើម ព្រោះ ហេតុនោះ ទើបកម្មទាំងពួង ជានិយតៈ ដូច្នេះ ។ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ក្នុងបទថា ទិដ្ឋធម្មវេទនីយដ្ឋេន និយតំ នេះ ពាក្យឆ្លើយ ទទួល ជាពាក្យរបស់សកវាទី សំដៅយកសេចក្តីនេះថា ទិដ្ឋធម្មវេទនីយកម្ម ជាកម្មដែលគប្បីទទួលក្នុងភពបច្ចុប្បន្ននេះប៉ុណ្ណោះ បើទិដ្ឋធម្មវេទនីយកម្មនេះ អាចឲ្យផលក្នុងភពបច្ចុប្បន្នបាន ក៏រមែងឲ្យផល បើមិនអាចសោត ឈ្មោះថា ជាអហោសិកម្ម ដូច្នេះ ។ ម្យ៉ាងទៀត ទិដ្ឋធម្មវេទនីយកម្មនេះ រមែងជា និយតៈ ដោយអំណាចនៃមិច្ឆត្តនិយាម និងសម្មត្តនិយាម ។ គប្បីជ្រាបពាក្យ ដ៏សេស ដោយន័យដែលពោលហើយខាងដើមនោះឯង ។