អដ្ឋកថាកុសលចិត្តកថា
ឥឡូវនេះ នឹងពណ៌នាអំពីចិត្តជាកុសលដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយអន្ធកៈ ទាំងឡាយថា ព្រោះព្រះអរហន្តជាអ្នកមានសតិបរិបូណ៌ សូម្បីតែកាលបរិនិព្វាន ក៏មានសតិសម្បជញ្ញៈនោះឯង រមែងបរិនិព្វាន ព្រោះហេតុនោះ ទើប ព្រះអរហន្ត មានចិត្តជាកុសលបរិនិព្វាន ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់ នោះ ព្រោះឈ្មោះថា កុសលចិត្ត រមែងមានដោយអំណាចការសាងសន្សំ នូវបុញ្ញាភិសង្ខារ ព្រោះហេតុនោះ ទើបសកវាទីពោលពាក្យថា អរហតា បុញ្ញាភិសង្ខារំ ជាដើម ដើម្បីសួរបរវាទីដោយអត្ថនោះ ។ ពាក្យដ៏សេសក្នុង ទីនេះ មានអត្ថងាយយល់ហើយ គប្បីជ្រាបតាមព្រះបាលីនោះឯង ។ បទថា សតោ សម្បជានោ នេះ បរវាទីសម្តែងការស្លាប់ របស់បុគ្គលដែលមិនវង្វេង ដោយអំណាចនៃសតិសម្បជញ្ញៈ ដែលជាកិរិយា ក្នុងខណៈនៃជវ័ន មិនមែនដើម្បីសម្តែងចិត្តដែលជាកុសល ព្រោះហេតុនោះ ទើបពាក្យនេះ មិនមែនជាគោលអាង ដូច្នេះ ។