អដ្ឋកថាខណិកកថា
ឥឡូវនេះ នឹងពណ៌នាអំពីពួកធម៌ទាំងអស់ ប្រកបដោយ ខណៈនៃចិត្តមួយដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ បុព្វសេលិយៈ និងនិកាយអបរសេលិយៈទាំងឡាយថា ព្រោះសង្ខតធម៌ទាំងឡាយ មិនទៀង ព្រោះហេតុនោះ ទើបសង្ខតធម៌ទាំងនោះ ប្រព្រឹត្តទៅមួយ ជួរខណៈចិត្តមួយប៉ុណ្ណោះ ។ កាលភាពមិនទៀងមាន ធម៌ណាមួយបែកធ្លាយ ទៅរហ័ស ធម៌ណាមួយបែកធ្លាយទៅយឺតយូរ ហេតុនោះ អ្វីជានិយាមក្នុង ទីនេះ ពាក្យសួររបស់សកវាទីថា ឯកចិត្តក្ខណិកា ដូច្នេះ សំដៅដល់ជន ទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ក្នុងបទទាំងឡាយ មានបទថា ចិត្តេ មហាបឋវី ជាដើម បរវាទី កាលមិនឃើញការតាំងនៅ បែបនៃមហាប្រឹថពីជាដើមនោះ ទើបឆ្លើយបដិសេធ ។ បទថា ចក្ខាយតនំ ជាដើម សកវាទីសួរថា បើធម៌ទាំងពួង គប្បីមានមួយជួរនៃខណចិត្តសោត អាយតនៈទាំងឡាយ មានចក្ខាយតនៈ ជាដើម កើតឡើងហើយ គប្បីរលត់ទៅព្រមជាមួយវិញ្ញាណទាំងឡាយ មាន ចក្ខុវិញ្ញាណជាដើម បរវាទីឆ្លើយបដិសេធ សំដៅយកការកើតឡើងនៃ វិញ្ញាណរបស់សត្វដែលកើតក្នុងផ្ទៃមាតា ។ ឆ្លើយទទួល សំដៅយកការប្រព្រឹត្ត ទៅ គឺបវត្តិកាល ដោយអំណាចនៃលទ្ធិនោះឯង ។ ពាក្យដ៏សេសក្នុងទីនេះ មានអត្ថងាយយល់ហើយ ។ បទថា តេន ហិ ឯកចិត្តក្ខណិកា មានអធិប្បាយថា បរវាទីពោលអាងហេតុផល តាមគាប់ចិត្តរបស់ខ្លួនថា ធម៌ទាំងឡាយ ឈ្មោះ ថា ជារបស់ទៀង មិនមាន ព្រោះហេតុនោះ ទើបធម៌ទាំងនោះ ប្រព្រឹត្តទៅក្នុង ខណៈនៃចិត្តមួយ ដូច្នេះ ពាក្យនោះ មិនដូចពាក្យដែលបរវាទីនោះ ពោលហើយនោះទេ ។