អដ្ឋកថាអបរិនិប្ផន្ថកថា

ក្បាលទី 72 · ទំព័រ 670

ឥឡូវនេះ នឹងពណ៌នាធម៌មិនសម្រេចដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ ឧត្តរាបថកៈទាំងឡាយពួកខ្លះ និងនិកាយហេតុវាទថា ទុក្ខបុណ្ណោះ ជាបរិនិប្ផន្ន គឺជាធម៌ដែលសម្រេចហើយ ឬកើតឡើងហើយ ចំណែកធម៌ដ៏សេស គឺខន្ធ អាយតនៈ ធាតុ ឥន្ទ្រិយ ជាអបរិនិប្ផន្ន គឺធម៌មិនសម្រេចហើយ មិនកើតឡើង ហើយ ព្រោះអាស្រ័យពុទ្ធវចនៈ ( ក្នុងសំយុត្តនិកាយ សគាថវគ្គ ) ថា សេចក្តីទុក្ខ រមែងកើតឡើង សេចក្តីទុក្ខ រមែងស្ថិតនៅផង វិនាសទៅផង វៀរចាកសេចក្តីទុក្ខ ឥតមានធម៌ដទៃកើតឡើង វៀរចាកសេចក្តីទុក្ខ ឥតមានធម៌ដទៃរលត់ទេ ដូច្នេះ ។ ពាក្យសួររបស់សកវាទីថា រូបំ អបរិនិប្ផន្នំ សំដៅដល់ជនទាំងនោះ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ ទើបសកវាទីពោល ពាក្យថា រូបំ ន អនិច្ចំ ជាដើម ដើម្បីសួរបរវាទីថា បើរូបជាអបរិនិប្ផន្ន សោត រូបនោះ ក៏គប្បីមិនមែនជារបស់មិនទៀងជាដើម ។ បរវាទី កាលមិន ឃើញរូបបែបនោះ ទើបឆ្លើយបដិសេធ ។ សកវាទីបដិសេធលទ្ធិមួយរបស់បរវាទីនោះ ដោយពាក្យ ថា ននុ រូបំ អនិច្ចំ ជាដើមហើយ កាលសួរបញ្ញាទី ២ ទើបពោលពាក្យថា ទុក្ខញ្ញេវ បរិនិប្ផន្នំ ដូច្នេះ ។ លំដាប់នោះ សកវាទី ដើម្បីបដិសេធលទ្ធិ របស់បរវាទីនោះទៀត ទើបសកវាទីពោលពាក្យថា ន យទនិច្ចំ ជាដើម ។ ក្នុងសេចក្តីនោះ មានអធិប្បាយថា សច្ចៈទី ១ បុណ្ណោះ ជាទុក្ខតែម្យ៉ាង ក៏មិនមែន ធម៌ណាមួយដែលមិនទៀង ធម៌នោះ ក៏ជាទុក្ខទាំងអស់ ទាំងរូបក៏ ជារបស់មិនទៀង ព្រោះហេតុនោះ ទើបរូបនោះ ជាបរិនិប្ផន្ន ព្រោះហេតុនោះ អ្នកពោលពាក្យណាថា រូបជាអបរិនិប្ផន្ន ទើបអ្នកមិនគួរពោលពាក្យនោះថា ទុក្ខបុណ្ណោះ ជាបរិនិប្ផន្ន ដូច្នេះ ។