អដ្ឋកថាឧទ្ទេសវារៈ
[ ១-៥ ] បរកណ៍នេះ ព្រះមានព្រះភាគ ទ្រង់ចែកហើយ ១០ យ៉ាង ដោយអំណាចយមកៈ ១០ គឺមូលយមកៈ ១ ខន្ធយមកៈ ១ អាយតនយមកៈ ១ ធាតុយមកៈ ១ សច្ចយមកៈ ១ សង្ខារយមកៈ ១ អនុស្សយយមកៈ ១ ចិត្តយមកៈ ១ ធម្មយមកៈ ១ ឥន្ទ្រិយយមកៈ ១ គប្បីជ្រាប អត្ថនៃយមកៈទាំង ១០ យ៉ាងនេះ របស់បករណ៍នេះយ៉ាងនេះ ។ សួរថា ឈ្មោះថា យមក ព្រោះអត្ថដូចម្តេច ឆ្លើយថា ព្រោះអត្ថថា ធម៌ជាគូគ្នា ។ ពិតហើយ ធម៌ជាគូគ្នា លោកហៅថា យមក ដូចលោក ពោលថា យមកប្បាដិហារ គឺបាដិហារិយ៍ជាគូៗ យមកសាល គឺដើម រាំងទាំងគូជាដើម ។ ក្នុងយមកៈ ១០ យ៉ាងនេះ យមកៈនីមួយៗ ឈ្មោះថា ធម៌ជាគូ ព្រោះ សម្តែងដោយអំណាចនៃយមកៈទាំងឡាយ គឺធម៌ជាគូដោយប្រការដូច្នេះ ។ បករណ៍ទាំងអស់នេះ គប្បីជ្រាបថា ឈ្មោះថា យមកៈ ព្រោះរួបរួមធម៌ជាគូ ទាំងឡាយនេះ ។ យមកៈទី ១ នៃយមកៈ ១០ យ៉ាង ហៅថា មូលយមក ព្រោះក្នុង មូលយមកៈនោះ ព្រះពុទ្ធអង្គទ្រង់ធ្វើការសួរ និងការឆ្លើយដោយអំណាចនៃ មូលសម្តែង ។ មូលយមកៈនោះ មាន ២ វារៈ គឺឧទ្ទេសវារៈ ១ និទ្ទេសវារៈ ១ ។ ក្នុង ២ វារៈនោះ ឧទ្ទេសវារៈ ជាវារៈដំបូង ព្រោះទ្រង់លើកឡើងនាំចេញ សម្តែងទៅតាមលំដាប់ ។ យមកៈនេះថា ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ មាន កុសលជាមូល មួយយ៉ាងទៀត ពួកធម៌ណា មានកុសលជាមូល ពួកធម៌ ទាំងអស់នោះ ជាកុសល ដូច្នេះ ជាយមកៈដំបូងរបស់មូលយមកៈនោះ ។ គប្បីជ្រាបភាពជាយមកៈនៃឧទ្ទេសវារៈនោះ ដោយវិធី ៣ យ៉ាង គឺ អត្ថយមក លោកសម្តែងដោយអំណាចន័យអត្ថ ២ យ៉ាង គឺកុសល និង អកុសល ១ ធម្មយមក លោកសម្តែងដោយអំណាចនៃធម៌ដែលជាបែបផែន ប្រព្រឹត្តទៅដោយអនុលោម និងបដិលោម ដោយអំណាចន័យទាំងនោះ ១ លោកសម្តែង បុច្ឆាយមក ដោយអំណាចពាក្យសួរដែលប្រព្រឹត្តទៅដោយ អនុលោម និងបដិលោម ១