អដ្ឋកថាធាតុយមកៈ

ក្បាលទី 73 · ទំព័រ 431

ធាតុយមកៈ [ ១-២៣ ] ឥឡូវនេះ ជាកិច្ចពណ៌នាធាតុយមកៈ ដែលលោករួបរួម សម្តែងហើយ ក្នុងលំដាប់អាយតនយមកៈ ដោយអំណាចធាតុក្នុងធម៌ មាន កុសលជាដើម ដែលលោកសម្តែងហើយ ក្នុងមូលយមកៈទាំងនោះឯង ។ គប្បីជ្រាបការកំណត់ព្រះបាលី តាមន័យដែលលោកពោលហើយ ក្នុង អាយតនយមកៈនោះឯង ។ ក្នុងធាតុយមកៈនេះ មហាវារៈ ៣ មាន បណ្ណត្តិវារៈជាដើម និងអន្តរវារៈដ៏សេស និងប្រភេទទាំងឡាយ មានប្រភេទ នៃកាលជាដើម រមែងដូចគ្នា ដែលមកហើយក្នុងអាយតនយមកៈនោះឯង ។ ម្យ៉ាងទៀត ក្នុងធាតុយមកៈនេះ លោកពោលរូបធាតុខាងក្នុង និងខាងក្រៅ ហើយ ទើបពោលវិញ្ញាណធាតុតាមលំដាប់ ដើម្បីងាយស្រួលដល់ការសួរ យមកៈ ។ យមកៈដែលច្រើនជាងអាយតនយមកៈ ការសួរដែលទ្វេគុណ ដោយយមកៈ និងអត្ថដែលទ្វេគុណដោយការសួរ រមែងមានក្នុងធាតុយមកៈនេះ ព្រោះធាតុយមកៈទាំងឡាយ មានច្រើន ។ ការវិនិច្ឆ័យអដ្ឋកថា នៃយមកៈទាំងឡាយ ដែលបានក្នុងយមកៈទាំងឡាយ មានចក្ខុធាតុមូលកៈ ជាដើមនោះ គប្បីជ្រាបតាមន័យដែលពោលហើយ ក្នុងអាយតនយមកៈ នោះឯង ។ គតិនៃអត្ថក្នុងធាតុយមកៈនេះ ដូចគ្នានឹងអាយតនយមកៈនោះ ឯង ។ ម្យ៉ាងទៀត សូម្បីព្រះបាលីលោកក៏សង្ខេបហើយ ព្រោះហេតុនោះ ឯង ។ បរិញ្ញាវារៈ គប្បីជ្រាបថា ជាវារៈតាមប្រក្រតីនោះឯង ដូច្នេះ ។