សង្ខារយមកៈ អភិធម្មបិដក បណ្ណត្តិវារៈ

ក្បាលទី 73 · ទំព័រ 550

សង្ខារយមកៈ ៣ បណ្ណត្តិវារៈ សង្ខារ ៣ យ៉ាង គឺកាយសង្ខារ ១ វចីសង្ខារ ១ ចិត្តសង្ខារ ១ ។ ពួកអស្សាសបស្សាសៈ ឈ្មោះថា កាយសង្ខារ ពួកវិតក្កវិចារ ឈ្មោះថា វចីសង្ខារ សញ្ញា និងវេទនា ឈ្មោះថា ចិត្តសង្ខារ ពួកធម៌ទាំងអស់ ដែលសម្បយុត្តដោយចិត្ត វៀរលែងតែពួកវិតក្កៈ និងវិចារៈចេញ ឈ្មោះថា ចិត្តសង្ខារដែរ ។ ឧទ្ទេសវារៈ កាយ ហៅថា កាយសង្ខារ កាយសង្ខារ ហៅថា កាយ ។ វចី ហៅថា វចីសង្ខារ វចីសង្ខារ ហៅថា វចី ។ ចិត្ត ហៅថា ចិត្តសង្ខារ ចិត្តសង្ខារ ហៅថា ចិត្ត ។ មិនមែនកាយ មិនហៅថា កាយសង្ខារ មិនមែនកាយសង្ខារ មិនហៅថា កាយ ។ មិនមែនវចី មិនហៅថា វចីសង្ខារ មិនមែនវចីសង្ខារ មិនហៅថា វចី ។ មិនមែនចិត្ត មិនហៅថា ចិត្តសង្ខារ មិនមែនចិត្តសង្ខារ មិនហៅថា ចិត្ត ។