អដ្ឋកថាសង្ខារយមកៈ បណ្ណត្តិវារៈ
សង្ខារយមកៈ ៣ បណ្ណត្តិវារៈ [ ២៣០-៤២៧ ] ឥឡូវនេះ ជាកិច្ចពណ៌នាសង្ខារយមកៈ ដែលព្រះមាន ព្រះភាគ ទ្រង់សម្តែងបន្ទាប់អំពីសច្ចយមកៈ ទ្រង់រួបរួមធម៌ទាំងឡាយ មានកុសលជាដើម ដែលទ្រង់សម្តែងហើយ ក្នុងមូលយមកៈទាំងនោះឯងជា ឯកទេស ១ ដោយអំណាចនៃធម៌ដែលសង្គ្រោះបាន ។ ក្នុងសង្ខារយមកៈ នោះ គប្បីជ្រាបប្រភេទនៃវារៈដ៏សេស គឺមហាវារៈទាំងឡាយ មានបណ្ណត្តិវារៈ ជាដើម និងអន្តរវារៈជាដើម ដោយន័យដែលពោលហើយខាងដើមនោះឯង ។ ឯការប្លែកគ្នា ក្នុងសង្ខារយមកៈនេះ មានដូច្នេះ ក្នុងបណ្ណត្តិវារៈ បទសោធនវារៈថា រូបំ រូបក្ខន្ធោ រូប ហៅថា រូបក្ខន្ធឬ ចក្ខុ ចក្ខាយតនំ ចក្ខុ ហៅថា ចក្ខាយតនៈឬ ចក្ខុ ចក្ខុធាតុ ចក្ខុ ហៅថា ចក្ខុធាតុឬ ទុក្ខំ ទុក្ខសច្ចំ ទុក្ខ ហៅថា ទុក្ខសច្ចឬ ដូច្នេះ ព្រះមានព្រះភាគ ទ្រង់លើកធម៌ ទាំងឡាយ មានខន្ធជាដើម ដែលព្រះអង្គទ្រង់ប្រារព្ធហើយ សម្តែងហើយ ខាងដើម យ៉ាងណា សូម្បីសង្ខារ ៣ ខាងដើម ទ្រង់មិនប្រារព្ធហើយ យ៉ាង នោះ តែទ្រង់ចែកថា អស្សាស បស្សាសា កាយសង្ខារោ ប្រែថា ខ្យល់ អស្សាសៈ បស្សាសៈ ឈ្មោះថា កាយសង្ខារ ដូច្នេះជាដើម ។ ក្នុងសង្ខារទាំង ៣ នោះ សង្ខារនៃកាយ ឈ្មោះថា កាយសង្ខារ សង្ខារ ដែលជាផលនៃករជកាយ ដែលកើតហើយចាកហេតុនោះឯង ឈ្មោះថា កាយសង្ខារ ព្រោះព្រះបាលី ( ក្នុងសំយុត្តនិកាយ សឡាយតនវគ្គ ) ថា ខ្យល់ដង្ហើមចេញ-ចូល ប្រព្រឹត្តទៅក្នុងកាយ ធម៌ទាំងនុ៎ះ ជាប់ចំពោះដោយ កាយ ដូច្នេះ ។ ន័យម្យ៉ាងទៀត សភាវៈណា ដែលបច្ច័យរមែងធ្វើព្រម គឺតាក់តែង ហេតុនោះ សភាវៈនោះ ឈ្មោះថា សង្ខារ សួរថា សង្ខារនោះ ដែលអ្វី តាក់តែង ឆ្លើយថា សង្ខារនោះ កាយតាក់តែង សង្ខារនេះ ដែលករជកាយ តាក់តែង ហាក់បីដូចសម្ពៀតស្បែកតាក់តែង