អដ្ឋកថាអនុសយយមកៈ
អនុសយយមកៈ ៣ បរិច្ឆេទបរិច្ឆិន្នុទ្ទេសវារៈ ឥឡូវនេះ ជាកិច្ចពណ៌នាអត្ថនៃអនុសយយមកៈ តាមដែលព្រះមាន ព្រះភាគ ទ្រង់រួបរួមឯកទេសនៃកុសលធម៌ជាដើម ដែលទ្រង់សម្តែងក្នុង មូលយមកៈនោះឯង ដោយអំណាចនៃអត្ថដែលបានហើយ ទ្រង់សម្តែងក្នុង លំដាប់បន្ទាប់អំពីសង្ខារយមកៈ ។ បណ្ឌិត គប្បីជ្រាបការកំណត់បាលីក្នុង អនុសយយមកៈមុន ព្រោះថា ក្នុងអនុសយយមកៈនេះ ទ្រង់ធ្វើបាលីទេសនា ម្យ៉ាងទៀត មិនដូចធ្វើទេសនាក្នុងខន្ធយមកៈជាដើមឡើយ ។ សួរថា ធ្វើទេសនាដូចម្តេច ឆ្លើយថា ខាងដើម ទ្រង់សម្តែង ៣ វារៈ គឺ បរិច្ឆេទវារ ១ បរិច្ឆិន្នុទ្ទេសវារ ១ ឧប្បត្តិដ្ឋានវារ ១ ដើម្បីឲ្យសិក្សា អនុស័យទាំងឡាយ ដោយអាការ ៣ យ៉ាង គឺដោយបរិច្ឆេទ ដោយឧទ្ទេស និងដោយឧប្បត្តិដ្ឋាន បន្ទាប់អំពីនោះ ទ្រង់ក៏ប្រកបអនុស័យទាំងឡាយ ធ្វើ យមកទេសនា ដោយអំណាចនៃមហាវារៈ ៧ ។ ក្នុងអនុសយយមកៈនោះ បទថា សត្ត អនុសយា នេះ ឈ្មោះថា បរិច្ឆេទវារៈ ( វារៈពោលដោយការកំណត់ ) ព្រោះភាពដែលអនុស័យ ទាំងឡាយ ទ្រង់កំណត់ចំនួនសម្តែងថា អនុស័យនេះ មាន ៧ បុណ្ណោះ ។ មិនច្រើនជាងនេះ មិនតិចជាងនេះ ដូច្នេះ ។ បទថា កាមរាគានុសយោ ។ បេ ។ អវិជ្ជានុសយោ នេះ ឈ្មោះថា បរិច្ឆិន្នុទ្ទេសវារៈ ( វារៈពោលដោយឧទ្ទេសដែលកំណត់ហើយ ) ព្រោះភាព ដែលវារៈនេះ ទ្រង់លើកត្រឹមតែឈ្មោះនៃធម៌ ដែលបានកំណត់ហើយ ដោយបរិច្ឆេទវារៈនោះ សម្តែងថា ឈ្មោះថា ធម៌ទាំងនេះ ជាធម៌ប្រភេទនោះ ដូច្នេះ ។