អដ្ឋកថាបរិច្ឆេទបរិច្ឆិន្ថុទ្ទេសវារៈ

ក្បាលទី 74 · ទំព័រ 239

បទថា កត្ថ កាមរាគានុសយោ អនុសេតិ ។ បេ ។ ឯត្ថ អវិជ្ជានុសយោ អនុសេតិ នេះ ឈ្មោះថា ឧប្បត្តិដ្ឋានវារៈ ( វារៈពោលដោយទី កើតឡើង ) ព្រោះភាពដែលវារៈនេះ ទ្រង់សម្តែងទីជាទីកើតឡើងនៃធម៌ ទាំងនោះឯង យ៉ាងនេះថា អនុស័យទាំងនេះ រមែងដេកត្រាំក្នុងវារៈទាំងឡាយ ឈ្មោះនេះ ដូច្នេះ ។ ម្យ៉ាងទៀត ព្រះមានព្រះភាគទ្រង់ប្រកបអនុស័យទាំងឡាយ ហើយធ្វើ យមកទេសនាដោយអំណាចនៃមហាវារៈទាំង ៧ ណា មហាវារៈទាំងនោះ មានឈ្មោះដូច្នេះ គឺ អនុសយវារ គឺវារៈពោលអំពីអនុស័យ ១ សានុសយវារ គឺវារៈពោលអំពីបុគ្គលមានអនុស័យ ១ បជហនវារ គឺវារៈ ពោលអំពីការលះ ១ បរិញ្ញាវារ គឺវារៈពោលអំពីការកំណត់ដឹង ១ បហីនវារ គឺវារៈពោលអំពីការលះបានហើយ ១ ឧប្បជ្ជនវារ គឺវារៈ ពោលអំពីការកើត ១ ធាតុវារ គឺវារៈពោលអំពីធាតុ ១ ។ បណ្តាមហាវារៈទាំងនោះ វារៈទី ១ ឈ្មោះថា អនុសយវារៈ ។ អនុសយវារៈនោះ មាន ២ ន័យ គឺដោយអំណាចនៃអនុលោមន័យ និង បដិលោមន័យ ។ ក្នុងន័យទាំង ២ នោះ អនុលោមន័យ មាន ៣ អន្តរវារៈ ដោយអំណាចនៃបុគ្គល ១ ឱកាស ១ បុគ្គល និងឱកាសទាំងពីររួមគ្នា ១ គឺ យស្ស អនុសេតិ ប្រែថា … កំពុងដេកត្រាំដល់បុគ្គលណា នេះហៅ ថា បុគ្គលវារៈ ។ យត្ថ អនុសេតិ ប្រែថា … កំពុងដេកត្រាំក្នុងទីណា នេះហៅថា ឱកាសវារៈ ។ យស្ស យត្ថា អនុសេតិ ប្រែថា … កំពុងដេកត្រាំដល់បុគ្គលណា ក្នុងទីណា នេះហៅថា បុគ្គលលោកាសវារៈ ។ ក្នុងអន្តរវារៈ ៣ នោះ ក្នុងបុគ្គលវារៈដំបូង មាន ២១ យមកៈ គឺ មានកាមរាគានុសយៈជាមូល ៦ យមកៈ ដោយព្រះបាលីថា យស្ស កាមរាគានុសយោ អនុសេតិ តស្ស បដិឃានុសយោ អនុសេតិ យស្ស វា បន បដិឃានុសយោ អនុសេតិ តស្ស កាមរាគានុសយោ អនុសេតិ ។