អដ្ឋកថាឧប្បត្តិដ្ឋានវារៈ

ក្បាលទី 74 · ទំព័រ 246

ពាក្យថា កាមរាគានុសយោ ជាដើមថា កាមរាគៈនោះផង ជាអនុស័យ ព្រោះអត្ថថា លះមិនទាន់បានផង ព្រោះហេតុនោះ ទើបឈ្មោះថា កាមរាគានុស័យ ។ ក្នុងបទដ៏សេសក៏ន័យនេះឯង ។ ឧប្បត្តិដ្ឋានវារៈ ឥឡូវនេះ ដើម្បីប្រកាសឧប្បត្តិដ្ឋានវារៈ គឺវារៈពោលដោយ ទីជាទីកើតឡើងនៃអនុស័យរបស់អនុស័យទាំងនោះ ទើបព្រះមានព្រះភាគ ត្រាស់ថា កត្ថ កាមរាគានុសយោ អនុសេតិ ជាដើម ។ បណ្តាបទទាំងនោះ បទថា កាមធាតុយា ទ្វីសុ វេទនាសុ បានដល់ កាមរាគានុស័យកើតក្នុងវេទនាទាំង ២ គឺសុខវេទនា និងឧបេក្ខាវេទនាក្នុង កាមាវចរភូមិ ។ បទថា ឯត្ថ កាមរាគានុសយោ អនុសេតិ បានដល់ កាមរាគានុស័យកើតឡើងក្នុងវេទនាទាំង ២ នេះ អធិប្បាយថា កាមរាគានុស័យនេះ រមែងដេកត្រាំដោយអាការ ២ យ៉ាង គឺដោយអំណាចនៃការកើតរួម និង ដោយអំណាចនៃអារម្មណ៍ក្នុងសុខវេទនា និងឧបេក្ខាវេទនា ដែលជាអកុសល ទាំងឡាយ ។ អនុស័យនោះ ជាធម៌កើតព្រមជាមួយវេទនាខ្លះ និងឧបេក្ខាវេទនាដែលជាអកុសលខ្លះ រមែងធ្វើវេទនាទាំង ២ នោះឲ្យជាអារម្មណ៍កើតឡើង ខ្លះ ធ្វើវេទនាក្នុងកាមាវចរកុសលវិបាក និងកិរិយាដ៏សេសឲ្យជា អារម្មណ៍យ៉ាងនោះឯងកើតឡើងខ្លះ ។ ម្យ៉ាងទៀត អនុស័យនោះ កាល ដេកត្រាំក្នុងវេទនាទាំង ២ ក្នុងកាមធាតុ រមែងដេកក្នុងសញ្ញា សង្ខារ និង វិញ្ញាណដែលសម្បយុត្តដោយវេទនាទាំង ២ នោះ ។ តែអនុស័យដែល ដេកត្រាំក្នុងវេទនាទាំង ២ មិនអាចនឹងមិនកើតរួមជាមួយសញ្ញាជាដើម ដែល សម្បយុត្តដោយវេទនានោះ ឬមិនធ្វើសញ្ញាជាដើម ដែលសម្បយុត្តដោយ វេទនានោះ ឲ្យជាអារម្មណ៍ហើយកើតឡើង ។