អដ្ឋកថាសានុសយវារៈ

ក្បាលទី 74 · ទំព័រ 260

បទថា ចតុន្នំ ក្នុងបុគ្គលលោកាសវារៈ បានដល់ បុគ្គល ៤ ពួក គឺ បុថុជ្ជន ព្រះសោតាបន្ន ព្រះសកទាគាមី និងព្រះអនាគាមី ។ ក្នុងបដិលោមន័យ ពាក្យសួរថា យស្ស កាមរាគានុសយោ នានុសេតិ ជាដើម ព្រះមានព្រះភាគ ទ្រង់សំដៅដល់ព្រះអនាគាមីហើយ ទើបត្រាស់ សួរ ។ ពាក្យសួរថា ទ្វិន្នំ បុគ្គលានំ សព្វត្ថ កាមរាគានុសយោ នានុសេតិ ដូច្នេះ ព្រះមានព្រះភាគ ទ្រង់សំដៅដល់ព្រះអនាគាមី និងព្រះអរហន្ត ។ បណ្ឌិតគប្បីជ្រាបការកាន់យកកាមាវចរធម៌ទាំងអស់ ដែលសម្បយុត្តដោយ វេទនា ដោយការកាន់យកវេទនា ក្នុងព្រះបាលីថា កាមធាតុយា តីសុ វេទនាសុ ដូច្នេះខ្លះ និងកាន់យកវត្ថុ និងអារម្មណ៍នៃធម៌ទាំងនោះខ្លះ ។ អនុសយវារៈ ចប់ ក្នុងសានុសយវារៈ ព្រះមានព្រះភាគត្រាស់ថា យោ កាមរាគានុសយេន សានុសយោ នេះ អធិប្បាយថា ប្រៀបដូចបុគ្គល ដែលមានអាពាធ ដោយរោគណាមួយ មានរោគជរាដែលពិតប្រាកដជាដើម ដរាបណា រោគទាំងឡាយ មិនទាន់ផុតអំពីបុគ្គលនោះ បុគ្គលនោះ ឈ្មោះ ថា ជាអ្នកមានរោគ ក្នុងខណៈនៃរោគនោះមិនទាន់កើត យ៉ាងណា សេចក្តី នេះ ក៏យ៉ាងនោះ អនុស័យទាំងឡាយនៃសត្វដែលមានកិលេស ដែលមាន ប្រក្រតីទៅតាមវដ្តៈ មិនទាន់ដល់នូវការដកឡើង ដោយអរិយមគ្គ ដរាបណា សូម្បីក្នុងខណៈដែលអនុស័យទាំងនោះ មិនទាន់កើតឡើង បុគ្គលនោះ ក៏ ឈ្មោះថា ជាអ្នកប្រព្រឹត្តទៅជាមួយអនុស័យ គឺមានអនុស័យនោះឯង ព្រោះ អាស្រ័យភាពដែលសត្វជាអ្នកមានអនុស័យបែបនេះ ទើបឆ្លើយទទួលដោយ ពាក្យថា អាមន្តា ដូច្នេះ ។ ពាក្យដ៏សេសក្នុងទីនេះ ដូចគ្នានឹងអនុសយវារៈ នោះឯង ។