អដ្ឋកថាចិត្តយមកៈ ឧទ្ទេសវារៈ

ក្បាលទី 74 · ទំព័រ 490

ចិត្តយមកៈ ៣ ឧទ្ទេសវារៈ ឥឡូវនេះ ជាកិច្ចពណ៌នាអត្ថនៃចិត្តយមកៈ ដែលព្រះមាន ព្រះភាគ ទ្រង់បង្រួបបង្រួមជាឯកទេសមួយដោយឡែក ដោយអំណាចនៃធម៌ ទាំងឡាយ មានកុសលធម៌ជាដើមដែលរកបាន ដែលបានសម្តែងហើយក្នុង មូលយមកៈទាំងនោះឯងហើយ ទើបសម្តែងបន្ទាប់អំពីអនុសយយមកៈ ។ ក្នុងចិត្តយមកៈនោះ ដំបូង គប្បីជ្រាបបាលីវវត្ថាន គឺការកំណត់មាតិកា ដូចតទៅក្នុង ចិត្តយមកៈនេះ មាន ២ វារៈ មាតិកាឋបនវារ គឺវារៈដែល ពោលអំពីការតាំងមាតិកា ១ ឋបិតមាតិកាវិសជ្ជនាវារ វារៈដែលពោល អំពីការវិសជ្ជនាមាតិកាដែលតាំងទុកហើយ ១ ។ ក្នុងមាតិកាឋបនវារៈនោះ ក្នុងខាងដើម មាន ៣ សុទ្ធិកមហាវារៈ គឺ បុគ្គលវារ វារៈដែលពោលអំពីបុគ្គល ១ ធម្មវារ វារៈដែលពោលអំពីធម៌ ១ បុគ្គលធម្មវារ វារៈដែលពោលអំពីបុគ្គល និងធម៌ ១ ។ ក្នុងវារៈទាំង ៣ នោះ វារៈណា សម្តែងប្រភេទនៃធម៌ មានការកើត និងការរលត់របស់ចិត្តជាដើម ដោយលើកបុគ្គលសម្តែងយ៉ាងនេះថា យស្ស ចិត្តំ ឧប្បជ្ជតិ ន និរុជ្ឈតិ ចិត្តរបស់បុគ្គលណា រមែងកើតឡើង រមែងមិន រលត់ ដូច្នេះ ( ជាដើម ) វារៈនោះ ឈ្មោះថា បុគ្គលវារ ។ វារៈណា សម្តែងប្រភេទនៃធម៌ មានការកើត និងការរលត់របស់ចិត្ត ជាដើម ដោយលើកធម៌បុណ្ណោះសម្តែងយ៉ាងនេះថា យំ ចិត្តំ ឧប្បជ្ជតិ ន និរុជ្ឈតិ ចិត្តណា រមែងកើតឡើង មិនរលត់ ដូច្នេះ ( ជាដើម ) វារៈនោះ ឈ្មោះថា ធម្មវារ ។ វារៈណា សម្តែងប្រភេទនៃធម៌ មានការកើត និងការរលត់ជាដើម របស់ចិត្ត ប្រព្រឹត្តទៅដោយលើកបុគ្គល និងធម៌ទាំងពីរយ៉ាង សម្តែងយ៉ាង នេះថា យស្ស យំ ចិត្តំ ឧប្បជ្ជតិ ន និរុជ្ឈតិ ប្រែថា ចិត្តណា របស់បុគ្គល ណា រមែងកើតឡើង រមែងមិនរលត់ ដូច្នេះ ( ជាដើម ) វារៈនោះ ឈ្មោះ ថា បុគ្គលធម្មវារ ។