អធិប្បាយ ហេតុប្បច្ចយនិទ្ទេស

ក្បាលទី 76 · ទំព័រ 32

ឥឡូវនេះ ដើម្បីនឹងសម្តែងពង្រីកបច្ច័យទាំងអស់នេះ តាម លំដាប់បច្ច័យដែលបានលើកឡើងហើយ ទើបព្រះមានព្រះភាគត្រាស់ពាក្យថា ឈ្មោះថា ហេតុប្បច្ច័យជាដើម បានដល់ ហេតុជាបច្ច័យនៃពួកធម៌ដែល ប្រកបដោយហេតុផង នៃពួករូបដែលតាំងឡើងអំពីធម៌នោះផង ដោយ ហេតុប្បច្ច័យ ។ បណ្តាបច្ច័យ ២៤ នោះ ព្រះមានព្រះភាគ ទ្រង់លើក ហេតុប្បច្ច័យឡើងសម្តែងមុនបច្ច័យទាំងពួង ហើយទ្រង់ចែកទៅតាមលំដាប់ ដែលទ្រង់តាំងទុក ។ ក្នុងបច្ច័យដ៏សេស អ្នកសិក្សាគប្បីជ្រាបថា ព្រះមាន ព្រះភាគ ទ្រង់លើកបទដែលគួរចែកឡើងមុន និងធ្វើការវិសជ្ជនាដោយន័យ នេះដូចគ្នា ។ ឯសម្ពន្ធបទក្នុងអធិការនេះ មានដូចតទៅ បច្ច័យណា ដែល ព្រះមានព្រះភាគ ទ្រង់លើកឡើងក្នុងឧទ្ទេសនៃបច្ច័យថា ហេតុប្បច្ច័យ ។ បច្ច័យនោះ អ្នកសិក្សាគប្បីជ្រាបដោយនិទ្ទេសយ៉ាងនេះថា ហេតុ ជាបច្ច័យ ដល់ធម៌ដែលសម្បយុត្តដោយហេតុ និងដល់រូប ដែលមានហេតុនោះ ជា សមុដ្ឋាន ដោយហេតុប្បច្ច័យ ។ អ្នកសិក្សាគប្បីជ្រាបសម្ពន្ធ និងការ វិសជ្ជនាបទដែលគួរចែកដោយបច្ច័យទាំងអស់ ដោយឧបាយនេះ ។ ឥឡូវនេះ មានពាក្យសួរថា ក្នុងពាក្យថា ហេតូ ហេតុសម្បយុត្តកានំ នេះ ព្រះមានព្រះភាគមិនត្រាស់ថា ហេតុសម្បយុត្តកានំ តែត្រាស់ថា ហេតូ ហេតុសម្បយុត្តកានំ ដូច្នេះ ព្រោះហេតុអ្វី ឆ្លើយថា ព្រោះជាការកំណត់ បច្ច័យ និងបច្ចយុប្បន្ន ។ ពិតហើយ កាលព្រះមានព្រះភាគត្រាស់ថា ហេតុសម្បយុត្តកានំ ការកំណត់បច្ច័យថា ធម៌ឈ្មោះនោះ ជាបច្ច័យដល់ធម៌ ទាំងឡាយ ដែលសម្បយុត្តដោយហេតុ ដោយហេតុប្បច្ច័យ ដូច្នេះ បុគ្គល ណាម្នាក់ក៏ដឹងមិនបាន ។