អភិធម្មបិដក អធិបតិប្បច្ចយ

ក្បាលទី 76 · ទំព័រ 49

អធិបតិប្បច្ច័យ ពាក្យថា អធិបតិប្បច្ច័យ បានដល់ ឆន្ទាធិបតិ ជាបច្ច័យនៃពួកធម៌ ដែលប្រកបដោយឆន្ទៈផង នៃពួករូបដែលកើតអំពីឆន្ទៈនោះផង ដោយ អធិបតិប្បច្ច័យ វីរិយាធិបតិ ជាបច្ច័យនៃពួកធម៌ដែលប្រកបដោយវីរិយៈផង នៃពួករូបដែលកើតអំពីវីរិយៈនោះផង ដោយអធិបតិប្បច្ច័យ ចិត្តាធិបតិ ជាបច្ច័យ នៃពួកធម៌ដែលប្រកបដោយចិត្តផង នៃពួករូបដែលកើតអំពីចិត្តនោះ ផង ដោយអធិបតិប្បច្ច័យ វីមំសាធិបតិ ជាបច្ច័យនៃពួកធម៌ដែលប្រកបដោយ វីមំសៈផង នៃពួករូបដែលកើតអំពីវីមំសៈនោះផង ដោយអធិបតិប្បច្ច័យ ពួកធម៌ណាៗ ធ្វើនូវធម៌ណាៗ ឲ្យជាទីគោរព ហើយកើតឡើង ពួកធម៌នោះៗ គឺចិត្តចេតសិកធម៌ ជាបច្ច័យនៃពួកធម៌នោះៗ ដោយអធិបតិប្បច្ច័យ ។