អភិធម្មបិដក សហជាតប្បច្ចយ
ក្បាលទី 76 · ទំព័រ 64
សហជាតប្បច្ច័យ ពាក្យថា សហជាតប្បច្ច័យ បានដល់ ពួកធម៌ ៤ ដែលមិនមាន រូប ជាបច្ច័យនៃគ្នានិងគ្នា ដោយសហជាតប្បច្ច័យ មហាភូតរូប ៤ ជាបច្ច័យ នៃគ្នានិងគ្នា ដោយសហជាតប្បច្ច័យ នាមរូប ជាបច្ច័យនៃគ្នានិងគ្នា ដោយ សហជាតប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកចិត្តចេតសិកធម៌ ជាបច្ច័យនៃរូប ទាំងឡាយ ដែលមានចិត្តជាសមុដ្ឋាន ដោយសហជាតប្បច្ច័យ មហាភូតរូប ជាបច្ច័យនៃឧបាទារូបទាំងឡាយ ដោយសហជាតប្បច្ច័យ ជួនកាល ពួកធម៌ ដែលមានរូប ជាបច្ច័យនៃពួកធម៌ដែលមិនមានរូប ដោយសហជាតប្បច្ច័យ ជួនកាល ជាបច្ច័យដោយនសហជាតប្បច្ច័យ ។