អធិប្បាយ កម្មប្បច្ចយនិទ្ទេស
អ ធិ ឬ ( ា យ គប្បីជ្រាបវិនិច្ឆ័យ ក្នុងកម្មប្បច្ចយនិទ្ទេសដូចតទៅ បទថា កម្មំ បានដល់ ចេតនាកម្ម ។ បទថា កដត្តា ច រូបនំ បាន ដល់ រូបដែលកើតឡើងព្រោះត្រូវកម្មធ្វើ ។ បទថា កម្មប្បច្ចយេន សេចក្តី ថា ដោយនានាខណិកកម្មប្បច្ច័យ ដែលអាចឲ្យផលរបស់ខ្លួន កើតឡើង បានក្នុងទីបំផុតនៃកោដិកប្ប មិនមែនតិច ។ ពិតហើយ កុសលកម្ម និង អកុសលកម្ម រមែងមិនឲ្យផលក្នុងខណៈដែលខ្លួនប្រព្រឹត្តទៅ បើគប្បីឲ្យ ផលក្នុងខណៈនោះសោត បុគ្គលធ្វើកុសលកម្ម ដែលជាហេតុឲ្យចូលដល់ ទេវលោកឯណា ក៏គប្បីក្លាយជាទេវតាក្នុងខណៈនោះឯង ដោយអានុភាព នៃកម្មនោះ ។ កម្មដែលបុគ្គលធ្វើក្នុងខណៈណា សូម្បីមិនមានក្នុងខណៈដទៃ បន្ទាប់ អំពីនោះ រមែងញ៉ាំងផលឲ្យកើតឡើង ក្នុងកាលដែលបុគ្គលគប្បីចូលដល់ បច្ចុប្បន្ន ឬបន្ទាប់អំពីនោះ ក្នុងកាលមានការប្រកបព្រមនៃបច្ច័យដ៏សេស ព្រោះជាសភាវៈដែលកម្មធ្វើស្រេចហើយ ប្រៀបដូចការហាត់ធ្វើសិប្បៈដំបូង ទោះបីស្រេចហើយ ក៏ឲ្យកើតការធ្វើសិប្បៈក្រោយៗ ក្នុងកាលដទៃបាន ព្រោះ ហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ហៅថា នានាខណិកកម្មប្បច្ច័យ ។ បទថា ចេតនា សម្បយុត្តកានំ ធម្មានំ សេចក្តីថា ចេតនាណាមួយ ជាបច្ច័យដល់ធម៌ដែលសម្បយុត្តជាមួយខ្លួន ។ ដោយបទថា តំសមុដ្ឋានានំ នេះ ព្រះមានព្រះភាគ ទ្រង់កាន់យកកដត្តារូប ក្នុងបដិសន្ធិក្ខណៈ ផងដែរ ។ បទថា កម្មប្បច្ចយេន នេះ ត្រាស់សំដៅដល់ចេតនាដែលកើត ព្រមគ្នា ។ ពិតហើយ បណ្តាធម៌ មានកុសលធម៌ជាដើម ចេតនាណាមួយ ជួយឧបការៈដល់ធម៌ដ៏សេស ដោយភាពជាកិរិយា ពោល គឺការព្យាយាម នៃចិត្ត ព្រោះហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ហៅថា សហជាតកម្មប្បច្ច័យ ។ នេះជាពាក្យអធិប្បាយព្រះបាលី ក្នុងទីនេះបុណ្ណេះ ។