អដ្ឋកថា សេទមោចនគាថា
វិនិច្ឆ័យក្នុងសេទមោចនគាថា គប្បីជ្រាបដូច្នេះ បទថា អសំវាសោ សេចក្តីថា បុគ្គលមិនមានសំវាសដោយសំវាស មានឧបោសថ និងបវារណាជាដើម ។ បទទាំងឡាយថា សម្ភោគោ ឯកច្ចោ តហឹ ន លព្ភតិ សេចក្តីថា ការសម្ភោគដែលមិនសមគួរ ដែលភិក្ខុ និងភិក្ខុនីទាំងឡាយ រមែងមិនបាន ក្នុងបុគ្គលនោះអំពីបុគ្គលនោះ ភិក្ខុនីដែលជាមាតាបុណ្ណោះរមែងបានដើម្បីធ្វើ ការ ចិញ្ចឹមដោយអាការឲ្យងូតទឹក និងឲ្យបរិភោគជាដើម ។ ពីរបទថា អវិប្បវាសេន អនាបត្តិ សេចក្តីថា មិនត្រូវអាបត្តិ ព្រោះ ដេករួមផ្ទះ ( ដល់ភិក្ខុនី ) ។ បទទាំងឡាយថា បញ្ញា មេសា កុសលេហិ ចិន្តិតា សេចក្តីថា បញ្ញា នេះ ដែលបុគ្គលឈ្លាស គឺបណ្ឌិតទាំងឡាយគិតគ្នាហើយ ។ ពាក្យឆ្លើយបញ្ញានោះ គប្បីជ្រាបដោយភិក្ខុនី ដែលជាមាតារបស់ទារក ពិតហើយ ចម្លើយនោះត្រាស់សំដៅដល់បុត្តរបស់ភិក្ខុនីនោះ ។ គាថាពោលអំពីរបស់មិនគួរចែក ត្រាស់សំដៅដល់គរុភណ្ឌ ។ អត្ថនៃគាថានោះ ខ្ញុំបានពោលស្រេចហើយ ក្នុងវារៈដែលវិនិច្ឆ័យ ដោយភណ្ឌៈ ។ បទទាំងឡាយថា ទស បុគ្គលលេ ន វទាមិ សេចក្តីថា ខ្ញុំ មិនពោលដល់បុគ្គល ១០ ពួកដែលពោលហើយ ក្នុងសេនាសនក្ខន្ធកៈ ។ បទទាំងឡាយថា ឯកាទស វិវជ្ជិយ សេចក្តីថា មិនបានពោលដល់ បុគ្គលគួរវៀរ ១១ ពួក ដែលបានពោលហើយ ក្នុងមហាខន្ធកៈ ។ បញ្ញានេះ ត្រាស់សំដៅដល់ភិក្ខុដែលអាក្រាតកាយ ។ បញ្ញាដែលពោលថា កថំ នុ សិក្ខាយ អសាធារណោ នេះ ត្រាស់សំដៅដល់ភិក្ខុដែលធ្លាប់ជាជាងកោរសក់ ។ ពិតហើយ ភិក្ខុដែល ធ្លាប់ជាជាងកោរសក់នេះ មិនបានដើម្បីរក្សាកាំបិតកោរទុក តែភិក្ខុដទៃរមែង បាន ព្រោះហេតុនោះ ភិក្ខុដែលធ្លាប់ជាជាងកោរសក់ ទើបឈ្មោះថា មិន ទួទៅចំពោះសិក្ខា ។