អដ្ឋកថា បញ្ចវគ្គ

ក្បាលទី 8 · ទំព័រ 925

វិនិច្ឆ័យក្នុងកម្មវគ្គ គប្បីជ្រាបដូច្នេះ ការផ្សេងគ្នានៃកម្ម ៤ យ៉ាង ខ្ញុំបានពោលហើយក្នុងសមថក្ខន្ធកៈនោះឯង ។ សូម្បីបានពោលហើយក៏ ពិត តែកម្មវិនិច្ឆ័យនេះ កាលបានពោលមកហើយអំពីដើម រមែងជា វិនិច្ឆ័យដែលជាក់ច្បាស់ ព្រោះដូច្នោះ ខ្ញុំនឹងពោលប្រការដែលគួរពោលក្នុង កម្មវគ្គនេះ ចាប់អំពីខាងដើមនោះឯង ។ បទថា ចត្តារិ នេះ ជាពាក្យប្រាប់ការកំណត់ចំនួននៃកម្មទាំងឡាយ ។ បទថា កម្មានិ ជាពាក្យចង្អុលដល់កម្មដែលកំណត់ទុកហើយ ។ កម្មដែលត្រូវញ៉ាំងសង្ឃដែលតាំងនៅក្នុងសីមាឲ្យបរិសុទ្ធ នាំឆន្ទៈរបស់ ភិក្ខុដែលគួរដល់ឆន្ទៈមក សូធ្យប្រកាស ៣ ដង ធ្វើតាមអនុមតិរបស់សង្ឃ ដែលព្រមព្រៀង ឈ្មោះថា អបលោកនកម្ម ។ កម្មដែលត្រូវធ្វើដោយញត្តិតែម្យ៉ាង តាមអនុមតិរបស់សង្ឃ ដែលព្រមព្រៀង តាមន័យដែលពោលហើយនោះឯង ឈ្មោះថា ញត្តិកម្ម ។ កម្មដែលត្រូវធ្វើដោយអនុស្សាវនា មានញត្តិជាគម្រប់ ២ យ៉ាងនេះ គឺញត្តិ ១ អនុស្សាវនា ១ តាមអនុមតិរបស់សង្ឃដែលព្រមព្រៀង តាម ន័យដែលពោលហើយនោះឯង ឈ្មោះថា ញត្តិទុតិយកម្ម ។ កម្មដែលត្រូវធ្វើដោយអនុស្សាវនា ៣ មានញត្តិជាគម្រប់ ៤ យ៉ាងនេះ គឺញត្តិ ១ អនុស្សាវនា ៣ តាមអនុមតិរបស់សង្ឃដែលព្រមព្រៀង តាម ន័យដែលពោលហើយនោះឯង ឈ្មោះថា ញត្តិចតុត្ថកម្ម ។ បណ្តាកម្មទាំងនោះ អបលោកនកម្ម គប្បីធ្វើត្រឹមអបលោក មិនត្រូវ ធ្វើដោយអំណាចញត្តិកម្មជាដើម ។ ម្យ៉ាងទៀត ញត្តិកម្ម គប្បីធ្វើតាំងញត្តិ តែម្យ៉ាង មិនត្រូវធ្វើដោយអំណាចអបលោកនកម្មជាដើម ។ ឯញត្តិទុតិយកម្ម ដែលត្រូវអបលោកធ្វើក៏មាន មិនត្រូវអបលោកធ្វើក៏ មាន ។