អភិធម្មបិដក ហេតុសហេតុកទុកហេតុទុកៈ
ក្បាលទី 81 · ទំព័រ 801
ហេតុសហេតុកទុកហេតុទុកៈ ហេតុធម៌ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ អាស្រ័យនូវហេតុធម៌ ជាហេតុទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ១ ។ នហេតុធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ ទាំងមិនមែនជា ហេតុ អាស្រ័យនូវនហេតុធម៌ ប្រព្រឹត្តទៅជាមួយនឹងហេតុ ទាំងមិនមែនជា ហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ១ ។ ចប់ ហេតុសហេតុកទុកហេតុទុកៈ ។ ហេតុហេតុសម្បយុត្តទុកហេតុទុកៈ ហេតុធម៌ជាហេតុ ទាំងប្រកបដោយហេតុ អាស្រ័យនូវ ហេតុធម៌ ជាហេតុទាំងប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ១ ។