កូដទន្តសូត្រទី ៥

ក្បាលទី 9 · ទំព័រ 757

ខ្ញុំបានស្តាប់មកហើយយ៉ាងនេះ ។ សម័យមួយ ព្រះមាន ព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិកក្នុងមគធជនបទ ព្រមដោយភិក្ខុសង្ឃ ច្រើនប្រមាណ ៥០០ រូប ទ្រង់ពុទ្ធដំណើរទៅកាន់ស្រុកព្រាហ្មណ៍ ឈ្មោះ ខានុមត្តៈរបស់មគធជនបទ ។ ឮថា ព្រះមានព្រះភាគទ្រង់គង់នៅក្នុងឧទ្យាន ឈ្មោះអម្ពលដ្ឋិកា ទៀបខានុមត្តគ្រាមនោះ ។ ក៏ក្នុងសម័យនោះ កូដទន្តព្រាហ្មណ៍ អ្នកគ្រប់គ្រង ខានុមត្តគ្រាម ដែលជាស្រុកកុះករដោយមនុស្សសត្វ បរិបូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយធញ្ញាហារ ជាស្រុកព្រះរាជ ទ្រព្យ ដែលព្រះរាជាមាគធសេនិយពិម្ពិសារ ទ្រង់ព្រះរាជទាន ជាព្រះរាជ អំណោយដ៏ប្រសើរ គឺទ្រង់ប្រទានដោយដាច់ខាត ។ សម័យនោះឯង កូដទន្តព្រាហ្មណ៍កំពុងចាត់ចែងមហាយញ្ញ ( ការបូជាធំ ) ។ ព្រាហ្មណ៍នោះបានយកគោឈ្មោល ៧០០ កូនគោ ឈ្មោល ៧០០ កូនគោញី ៧០០ ពពែ ៧០០ កែះ ៧០០ ទៅចងទុកន ឹងបង្គោលសម្រាប់យញ្ញពិធី ។ ពួកព្រាហ្មណ៍ និងគហបតីអ្នកស្រុក ខានុមត្តៈ បានឮដំណឹងថា ព្រះសមណគោតមជាសក្យបុត្រ ចេញចាក សក្យត្រកូលទៅទ្រង់ព្រះផ្នួស ទ្រង់ពុទ្ធដំណើរមកកាន់ចារិក ក្នុងមគធជនបទ ព្រមដោយភិក្ខុសង្ឃច្រើន ប្រមាណ ៥០០ រូប បានមកដល់ខានុមត្តគ្រាម គង់នៅក្នុងអម្ពលដ្ឋិកាឧទ្យាន ទៀបខានុមត្តគ្រាម ក៏កិត្តិសព្ទសរសើរព្រះគោតម ដ៏ចម្រើននោះ ឮពីរោះខ្ចរខ្ចាយសុះសាយមកយ៉ាងនេះថា ព្រះមាន ព្រះភាគអង្គនោះ ជាអរហន្តជាសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និង ចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវលោក ព្រះអង្គជាបុគ្គលប្រសើរបំផុត ជាសារថី ទូន្មាននូវបុរស ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គ បានត្រាស់ដឹងនូវចតុរារិយសច្ច ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ព្រះអង្គ បានត្រាស់ដឹង