មហាលិសូត្រទី ៦
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាព្រៃមហាវ័ន ទៀបក្រុងវេសាលី ។ សម័យ នោះឯង ពួកព្រាហ្មណទូត អ្នកដែនកោសល និងព្រាហ្មណទូតអ្នកដែន មគធៈច្រើននាក់ ចូលទៅអាស្រ័យនៅក្នុងក្រុងវេសាលី ដោយករណីយកិច្ច ណានីមួយ ។ ពួកព្រាហ្មណទូតអ្នកដែនកោសល និងព្រាហ្មណទូតអ្នកដែន មគធៈនោះ បានឮដំណឹងថា ព្រះសមណគោតមជាសក្យបុត្រ ចេញចាក សក្យត្រកូល ទ្រង់ព្រះផ្នួសហើយ ឥឡូវមកគង់នៅក្នុងកូដាគារសាលា នា ព្រៃមហាវ័ន ទៀបក្រុងវេសាលី កិត្តិសព្ទសរសើរព្រះគោតមដ៏ចម្រើននោះ ពីរោះឮខ្ចរខ្ចាយ សុះសាយយ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ( ជាព្រះអរហន្ត ) ។ បេ ។ ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់ មកកាន់ភពថ្មីទៀត ព្រះមានព្រះភាគនោះ ញ៉ាំងលោកនេះ ព្រមទាំង ទេវលោក និងមារលោក ។ បេ ។ ការដែលបានឃើញបានជួបនឹងព្រះអរហន្ត ទាំងឡាយមានសភាពយ៉ាងហ្នឹង ( ជាការប្រពៃពេក ) ។ គ្រានោះឯង ពួក ព្រាហ្មណទូត អ្នកដែនកោសល និងពួកព្រាហ្មណទូត អ្នកដែនមគធៈនោះ ក៏បានចូលសំដៅទៅកាន់កូដាគារសាលា នាព្រៃមហាវ័ន ។ សម័យនោះឯង ព្រះនាគិតត្ថេរមានអាយុ ជាឧបដ្ឋាកព្រះមាន ព្រះភាគ ។ គ្រានោះ ពួកព្រាហ្មណទូត អ្នកដែនកោសល និងពួកព្រាហ្មណ- ទូត អ្នកដែនមគធៈនោះ ចូលសំដៅទៅរកកន្លែង ដែលព្រះនាគិតត្ថេរមាន អាយុគង់នៅ លុះចូលទៅដល់ហើយ ទើបពោលពាក្យនេះនឹងព្រះនាគិតត្ថេរ មានអាយុថា បពិត្រព្រះនាគិតៈដ៏ចម្រើន ឥឡូវនេះ ព្រះគោតមដ៏ចម្រើននោះ ព្រះអង្គគង់នៅទីណា ដ្បិតយើងខ្ញុំចង់ទៅគាល់ព្រះគោតមដ៏ចម្រើននោះ ។ ព្រះនាគិតត្ថេរមានអាយុពោលថា ម្នាលអ្នកមានអាយុទាំងឡាយ កាលនេះ មិនមែនជាកាលគួរនឹងទៅគាល់ព្រះមានព្រ