ជាលិយសូត្រទី ៧

ក្បាលទី 9 · ទំព័រ 855

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី ។ គ្រានោះ មានបព្វជិត ២ រូប គឺបរិព្វាជកឈ្មោះមណ្ឌិយៈ ១ ឈ្មោះជាលិយៈ ជាអន្តេវាសិកនៃទារុបត្តិបរិព្វាជក ១ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ ពោលពាក្យរាក់ទាក់សំណេះសំណាលជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយក៏ឈរនៅក្នុងទីដ៏សមគួរ ។ លុះបព្វជិត ២ រូបនោះ ឈរនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមាន ព្រះភាគដូច្នេះថា អាវុសោគោតមដ៏ចម្រើន ជីវៈនោះ គឺសរីរៈនោះឬ ឬ ថា ជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអាវុសោទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយចាំស្តាប់ចុះ ចូរធ្វើទុក ក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងសម្តែង ។ បព្វជិតទាំង ២ រូបនោះទទួល ព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា យ៉ាងហ្នឹងហើយអាវុសោ ។ ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះថា ម្នាលអាវុសោ ព្រះតថាគតកើតឡើងក្នុងលោក នេះជាអរហន្តសម្មាសម្ពុទ្ធ ។ បេ ។ ( បណ្ឌិតគប្បីសម្តែងឲ្យពិស្តារ ដូចក្នុង សាមញ្ញផលសូត្រផងចុះ ) ។ បេ ។ ម្នាលអាវុសោ ភិក្ខុជាអ្នកបរិបូណ៌ដោយ សីលយ៉ាងនេះឯង ។ ។ បេ ។ ភិក្ខុបានដល់នូវបឋមជ្ឈាន ។ ម្នាលអាវុសោ ភិក្ខុណា ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះគួរ ពោលថា ជីវៈនោះ គឺសរីរៈនោះដែរឬ ឬថា ជីវៈដោយខ្លួន សរីរៈដោយ ខ្លួនទេ ។ បរិព្វាជកទាំង ២ ពោលថា អាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញ យ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះមិនគួរនឹងពោលទេ ។ បេ ។